សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ព ១រូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គមបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
គួររំលឹកផងដែរថា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគ ទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ ១រូប ក្នុងចំណោម ១៨រូប ដែលគិតមកដល់ពេលនេះមានរយៈពេល ៩ថ្ងៃហើយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារ លោកស្រី សឿន សោភា ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់ លោកស្រី សឿន សោភា សូមជឿទុក្ខចិត្តលើ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចារពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង ១៨រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព ។
ទន្ទឹមជាមួយគ្នានោះផងដែរ លោកស្រី សឿន សោភា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណដល់សម្តចតេជោ សម្តេចធិបតី និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុក្ខដាក់ចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះ ។ លោកស្រី ក៏បានសំណូមពរ ឲ្យធនាគារដែលគ្រួសារគាត់ជាប់បំណុល សូមមានការយោគយល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារគាត់ផង ព្រោះបន្ទុកសព្វថ្ងៃនេះ គឺប្តីជាអ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រីកំពុងពរពោះកូន៤ខែផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១លាន ៦៥ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកស្រី សឿន សោភា ផងដែរ ៕








ដោយ ៖ ថេត វិចិត្រ