ឯកឧត្តម អ៊ុន ចាន់ដា បន្តនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា រួមជាមួយ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៨៥គ្រួសារ ក្នុងនេះ ពលរដ្ឋភៀសសឹក មកពីបណ្តាខេត្ត ចំនួន ៥ ជាប់តំបន់ព្រំដែន រួមមាន ខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តព្រះវិហារ ចំនួន ១៨គ្រួសារ រួមទាំងគ្រួសារយោធិនជួរមុខ ៤គ្រួសារ ដែលកំពុងជួបលំបាកជីវភាព និងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ធ្ងន់ ស្រាលចំនួន ៦៣គ្រួសារ កើតមាននៅ ២ឃុំ ( ត្រប់-សណ្តែក) ក្នុងស្រុកបាធាយ។ ពិធីនេះរៀបចំឡើង នៅក្នុងបរិវេណ វត្តសំវរសីល ហៅ វត្តសណ្តែក ស្ថិតក្នុងភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយប៉ះពាល់ទ្រព្យសម្បត្តិ និងខូចខាតលំនៅដ្ឋាន ។
ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលជម្លោះព្រំដែន មានសភាពតានតឹង បង្ខំឱ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែង ផ្អាកទាំងការប្រកបរបរទទួលទាន មួយរយ: ដើម្បីជំលៀសទាំងគ្រួសារ ចេញមករកកន្លែងដែល ធានាសុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន ។ ទាំងនេះបង្ហាញឱ្យឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះ និង ងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬ គ្រួសារកងទ័ពជួរមុខ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពឱ្យបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ” រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ក្នុងរយ:ពេលនៃការស្នាក់នៅនេះ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពបងប្អូន។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង ៨៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ មុង ១ ក្រមា ១និង ថវិកាមួយចំនួន។ ដោយឡែក ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៦៣គ្រួសារ ផ្តល់ជូនថវិកាតាមកម្រិតប៉ះពាល់ ជាក់ស្តែង ដើម្បីស្តារការខូចខាតឡើងវិញ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ក្រុមការងារ បានអញ្ជើញ ប្រគេន ព្រះចៅអធិការវត្ត សំវរសីល ហៅវត្តសណ្តែក នូវ ទៀនចំណាំព្រះវស្សា ១គូ សាដក អង្ករ ១០០គក្រ មី ត្រីខ ទឹកផ្លែឈើ ទឹកពិសាប្រណិត ២កេស និងបច្ច័យមួយចំនួនផងដែរ៕








ដោយ ៖ លី ពៅ