ប្រធានាធិបតីអ៊ីស្រាអែលប្រាប់អន្តរជាតិ កុំនិយាយរកហាម៉ាស បើមិនដោះលែងចំណាប់ខ្មាំង

បរទេស ៖ ប្រធានាធិបតី ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃ៥ ខែសីហា បានស្នើសហគមន៍អន្តរជាតិ កុំនិយាយជាមួយក្រុមហាម៉ាស រហូតទាល់តែ មានការដោះលែងចំណាប់ខ្មាំង ជាមុនសិន។

លោក ប្រធានាធិបតី Isaac Herzog បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្ហាញ «ជំហរតឹងតែង ជាឯកច្ឆ័ន្ទ» ដើម្បីកុំនិយាយ ជាមួយក្រុមហាម៉ាស រហូតដល់ពួកគេ ដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ឃុំខ្លួន នៅតំបន់ហ្គាហ្សា បានត្រលប់ទៅផ្ទះវិញ ជាមុនសិន។

ថ្លែងនៅអំឡុងពេល ធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេស ឡាតវី លោក Isaac Herzog បានប្រាប់ថា «ត្រូវផ្តោតលើតម្រូវការបន្ទាន់ ដើម្បីធានាការដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់ ដោយក្រុមហាម៉ាស់ មុនពេលនិយាយ អំពីការចរចាសន្តិភាព»។

លោក ប្រធានាធិបតី បានបង្ហាញរូបភាពចំណាប់ខ្មាំង មានប្រភពចេញពីក្រុមហាម៉ាស កាលពីពេលថ្មីៗនេះ ស្ថិតក្នុងស្ថានភាពគំរាមកំហែង ដល់អាយុជីវិត ព្រោះ លោកជឿជាក់ថា មានការបង្អត់អាហារ ដោយចេតនា ខណៈដែលអ្នកចាប់ពង្រត់មនុស្សទាំងនោះ កំពុងបរិភោគ អាហារដ៏ឆ្ងាញ់។

អ៊ីស្រាអែលបានអះអាងថា នៅសល់ចំណាប់ខ្មាំង៥០នាក់ ទៀត ដែលជាប់នៅក្នុងតំបន់ហ្គាហ្សា ដែលក្នុងនោះ គេជឿថា នៅមានជីវិតរស់ ត្រឹម២០នាក់។ ពួកគេស្ថិតក្នុងចំណោមចំណាប់ខ្មាំង ជាង២៥០នាក់ ដែលត្រូវចាប់ពង្រត់ តាំងពីខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស់ ដែលបានបើកការវាយប្រហារ ភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ស្លាប់មនុស្សជាង ១ពាន់នាក់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner