លីបង់ចង់រំសាយអាវុធរបស់ពួកហេសបូឡា ត្រឹមចុងឆ្នាំនេះ

បរទេស ៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានប្រគល់ភារកិច្ចដល់កងទ័ព ក្នុងការរៀបចំផែនការ ដកហូតអាវុធ របស់ក្រុមសកម្មប្រយុទ្ធ ហេសបូឡា (Hezbollah) នៅដំណាច់ឆ្នាំនេះ។

នេះគឺជាជំហាន ដែលមិនធ្លាប់មាន ពីមុនមក ពោលគឺចាប់តាំងពីក្រុមបក្សពួក នៃ សង្គ្រាមស៊ីវិលក្នុងប្រទេសនេះ ធ្លាប់បានបោះបង់ចោលអាវុធ របស់ពួកគេ កាលពីទសវត្សរ៍មុន។ ការសម្រេចចិត្ត ដ៏រសើបនេះ បានធ្វើឡើង បន្ទាប់ពីមានការគាបសង្កត់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និង ជាផ្នែក នៃការអនុវត្តបទឈប់បាញ់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលព្យាយាមបញ្ចប់អរិភាព ជាងមួយឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah រួមទាំង សង្រ្គាមចុងក្រោយនេះ ដែលមានរយៈពេល ២ខែ។

គណៈរដ្ឋមន្ត្រី បានបើកសម័យប្រជុំគណៈរដ្ឋមន្ត្រី ជិត៦ម៉ោង កាលពីថ្ងៃអង្គារ ដែលដឹកនាំដោយលោកប្រធានាធិបតីលីបង់ លោក Joseph Aoun។ លោក នាយករដ្ឋមន្ត្រី Nawaf Salam បាននិយាយថា រដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់កងទ័ពលីបង់ ដោយកំណត់ផែនការអនុវត្ត ដើម្បីរឹតបន្តឹងអាវុធចំពោះកងទ័ព និងកងកម្លាំងរដ្ឋ ផ្សេងទៀត មុនដំណាច់ឆ្នាំនេះ។ លោក Salam បានប្រាប់សន្និសីទសារព័ត៌មានថា ផែនការនេះនឹងត្រូវបង្ហាញ ទៅគណៈរដ្ឋមន្ត្រី នៅចុងខែសីហា ដើម្បីពិភាក្សា និងអនុម័ត។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ គឺជាបក្សពួកតែមួយគត់ ដែលរក្សាអាវុធរបស់ខ្លួន បន្ទាប់ពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥ ដល់ ១៩៩០ របស់ប្រទេសលីបង់។ នៅក្រោមបទឈប់បាញ់ អាជ្ញាធររដ្ឋាភិបាល រួមទាំង កងទ័ព និង កងកម្លាំងសន្តិសុខផ្ទៃក្នុង គួរតែជាអ្នកកាន់អាវុធផ្តាច់មុខ នៅក្នុងប្រទេសលីបង់។

គណៈរដ្ឋមន្ត្រី ត្រូវបន្តការពិភាក្សា នៅសប្តាហ៍នេះ លើសំណើ របស់បេសកជនអាមេរិក លោក Tom Barrack ដែលរួមបញ្ចូល ទាំង តារាងពេលវេលា សម្រាប់ ការរំសាយអាវុធរបស់ ក្រុម Hezbollah ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner