ពលករខ្មែរជាង១២ម៉ឺននាក់បានវិលត្រឡប់តាមច្រកអន្តរជាតិដូងនៅថ្ងៃពុធនេះ

បាត់ដំបង៖ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាច្រកទ្វារ​ព្រំដែន​អន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង​ កកកុញទៅពលករខ្មែរក្មេង​ចាស់ប្រុសស្រី បម្រុងនឹងឆ្លងចូលមកទឹកដីកម្ពុជាវិញ។តាមតួលេខបឋម​បង្ហាញ​ដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហា នេះមានពលករខ្មែរ​ប្រមាណ​ជាង១២ម៉ឺននាក់បាននិងកំពុង​សម្រុកចាក​ចេញពី​ប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។

មានវត្តមានផ្ទាល់នៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តម សុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុម​ការងារគ្រប់ផ្នែកទាំងអស់សស្រោក​សស្រាំក្នុងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ។ប្រាប់ដល់ពលករខ្មែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា សម្ដេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​បានយកចិត្តទុកដាក់និងផ្ដល់រថយន្ត​ក្រុងរាប់រយគ្រឿង​ដើម្បីដឹកជញ្ជូន​បងប្អូន​ពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។

លើសពីនេះឯកឧត្តម សុខ លូ បានអះអាងថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុង​ខិត​ខំជួយ​សម្របសម្រួលនិងជញ្ជូន​ឥវ៉ាន់ពលករខ្មែរដោយមិនគិតពីការនឿយហត់ឡើយ។

តាមរយៈទឹកមុខបងប្អូនពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែល​បាន​វិលត្រឡប់មកដល់ស្រុកកំណើត​វិញដោ​យមានការទទួលស្វាគមន៍យ៉ាង​កក់ក្ដៅពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធដែលបានជួយសម្របសម្រួល។បងប្អូន​​ពលករ​ខ្មែរ​បានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត​ដែលតែងតែយកចិត្តទុក​ដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុក​កំណើត​ដោយឥតគិតថ្លៃ។

ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ពលករខ្មែរនេះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល
វិជ្ជាជីវៈបានបញ្ជាក់ថា ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័ មានឱកាសការងារ ២២ ៩៤៥កន្លែង។ចំណែកខេត្តស្ទឹងត្រែង សៀមរាប ឧត្តរមានជ័យ និងរតនគីរី មានឱកាសការងារជិត ៩ម៉ឺនកន្លែង។ទន្ទឹមនេះក្រសួងការងារក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

ដោយ៖ អ៊ុក សំអាន ប.ប

ads banner