ពលរដ្ឋ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាច្រើននាក់ជម្លៀសខ្លួនមករស់នៅ មណ្ឌលសុវត្តិភាព ដោយសារការវាយប្រហារខ្លាំងក្លាពីសំណាក់កងទ័ពថៃ
ព្រះវិហារ៖ គិតរហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានមណ្ឌលជនភៀសសឹក សរុប១៩កន្លែង នៅខេត្តព្រះវិហារ។

ក្នុងចំណោមស្រុកទាំងអស់នៅខេត្តមួយនេះពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្តបានមករស់នៅមណ្ឌលសុវត្តិភាពច្រើនជាងគេដោយសារការវាយប្រហារពីសំណាក់ភាគីថៃឈ្លានពាន។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ស្ថិតនៅវត្តទួលអណ្ដែត ភូមិថ្មី ឃុំថ្មី ស្រុក គូលែន ខេត្តព្រះវិហារនារសៀ់លថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥កន្លងមក ឯកឧត្តម មិន ស៊ីថា បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅស្រុកជាំក្បាន្តទាំងមូល ទទួលរងនូវផលលំបាកខ្លាំង ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នាពេលកន្លងមក។ ក្នុងចំណោមពលរដ្ឋរស់នៅស្រុកជាំក្សាន្ត ដែលមាន ៨ឃុំ ពលរដ្ឋស្ទើរទាំងអស់បាននាំគ្រួសារជម្លៀសចេញពីស្រុកភូមិ។

លោកបានប្រាប់ថា ៖ «ពលរដ្ឋបានសម្រុកមករស់នៅតាម មណ្ឌលភៀសខ្លួនចាប់តាំងតែពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ ដែលថៃវាយប្រហារមកលើកម្ពុជា ហើយចំនួននេះមិនទាន់មានការថមថយគួរកត់សម្គាល់នោះទេ»។
យ៉ាងណាក្តី ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ថា ក្នុងចំណោមពលរដ្ឋដែលជាជនភៀសសឹកក្នុងស្រុកជាំក្សាន្តដែលមានចំនួនប្រមាណ៣ទៅ៤ម៉ឺននាក់នេះគឺមកស្នាក់នៅតាម មណ្ឌលទាំង១៩ ក្នុងខេត្តព្រះវិហារនេះគឺស្ទើរទាំងអស់។ ដោយឡែក សម្រាប់ស្បៀងអាហាររបស់គាត់ត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់ តែមិនបរិបូណ៍ពេកទេ។ បើស្ថានការណ៍នៅតែអូសបន្លាយបន្តទៀតស្បៀងទាំងនេះក៏មានតម្រូវការបន្ថែមទៀតដូចគ្នា។
ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា ស្ថានការណ៍វិលត្រឡប់ទៅផ្ទះសម្បែងរបស់ប្រជាពលរដ្ននៅពេលនេះនៅតែប្រឈមដោយសារតែថៃមិនព្រមបញ្ចប់សង្រ្គាម និងមិនគោរពតាមបទឈប់បាញ់។ ក្រៅពីនេះដោយសារការឈ្លានពាន ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ ថៃបានទម្លាក់គ្រាប់បែកពីយន្តហោះ ជាពិសេសបានបាញ់គ្រាប់បែកចង្កោមដែលអន្តរជាតិបានហាមឃាត់។ គ្រាប់បែកចង្កោមនេះមួយចំនួនបានផ្ទុះ ហើយមួយចំនួនទៀតបានកប់ក្នុងដីដែលងាយគ្រោះថ្នាក់បំផុតសម្រាប់ពលរដ្ឋដែលជាអ្នកស្រែចំការ។
លោកបានថ្លែងថា ដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋជាជនភៀសសឹក ខាងកាកបាទក្រហមកម្ពុជា និងសប្បុរសជនបានជួយជាបន្តបន្ទាប់ដើម្បីសម្រាលដល់ភាពលំបាករបស់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងអំឡុងដែលកងទ័ពថៃឈ្លានពាននេះជាបន្តបន្ទាប់៕ដោយ៖ម៉ាដេប៉ូ
