ជនភៀសសឹកជាង៥ម៉ឺននាក់កំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្ដ្រខេត្តសៀមរាប
សៀមរាប៖គិតមកត្រឹមល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខេត្តសៀមរាប មានពលរដ្ឋជាជនភៀសសឹកចំនួន ១៦ ៧១២គ្រួសារ ស្មើនឹង ៥៥ ៨៤៨នាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុង ស្រុក នៅក្នុងខេត្តសៀមរាប។នេះយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោម ១៦.៧១២គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៨.២៧៥គ្រួសារស្មើនឹង ២៨.៣៤៥នាក់ និងចំនួន៨.៤៣៧គ្រួសារ ស្មើនឹង ២៧.៥០៣នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ។ជាមួយគ្នានោះដោយសារស្ថានភាពព្រំដែនមានភាពពុំច្បាស់លាស់ មានពលរដ្ឋភៀសសឹកចំនួន ៤.៥៧១គ្រួសារ ស្មើនឹង ១៦.៣៦២នាក់ បានត្រឡប់មកស្នាក់នៅតាមទីតាំងនានាក្នុងខេត្តសៀមរាបជាថ្មី

របាយការណ៍ដដែលបង្ហាញថា ដោយសារស្ថានភាពកើនឡើងនេះចំនួនអ្នកវិលត្រឡប់នេះ អាជ្ញាធរក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម។ ជាមួយនឹងការខ្វះខាតនេះដែរ ក្រោយមានការអំពាវនាវរបស់រដ្ឋបាលខេត្ត សប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតែបន្តនាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ហើយរដ្ឋបាលខេត្តក៏បន្តនាំយកទៅជួយឧបត្ថម្ភដល់បងប្អូនជាជនភៀសសឹកជាបន្តបន្ទាប់ផងដែរ ។

ដោយឡែកចំពោះបញ្ហាកុមារ អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលដល់ពួកគេតាមរយៈការជំរុញឱ្យពួកគាត់ចូលរៀនជាបណ្ដោះអាសន្នគ្រប់កម្រិតនៅតាមសាលារៀនដែលនៅក្បែរទីតាំងស្នាក់នៅ ដែលគិតត្រឹមថ្ងៃទី៥ ខែសីហានេះ មានកុមារចំនួន ១.២០១នាក់ បានចូលរៀនបណ្ដោះអាសន្ន។

បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ការផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ បានស្ថិតនៅក្នុងការងារអាទិភាពដែលរដ្ឋបាលខេត្ត បានណែនាំទៅដល់រដ្ឋបាល ស្រុក ក្រុងដែលមានជនភៀសសឹកមកស្នាក់នៅ។

សូមជម្រាបថា នៅរសៀលថ្ងៃទី៦ ខែសីហា តំណាងអង្គទូតចំនួន១១ប្រទេស និងអង្គការអន្តរជាតិចំនួន ២៦ បានបន្តចុះទៅទស្សនកិច្ចនៅជំរំភៀសសឹកនៅវត្តជ្រោយនាងងួន ស្ថិតនៅស្រុកស្រីស្នំ ខេត្តសៀមរាប។
តំណាងអង្គទូតដែលចូលរួមទស្សនកិច្ចនៅជំរំភៀសសឹកនៅពេលនេះក្រោមការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមមាន ប្រទេសមីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន ចិន រុស្ស៊ី វៀតណាម អាមេរិក សហភាពអឺរ៉ុប និងកាណាដា៕
ដោយ៖ប៊ុន រដ្ឋា
