សម្ដេចតេជោ ៖ កម្ពុជាត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំងដើម្បីចរចារកសន្តិភាពបាន
ភ្នំពេញ ៖ នៅក្នុងសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ៦ សីហា ២០២៥ សម្ដេចបានបញ្ជាក់ថា កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន ។
សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឡើងក្រោយមានព័ត៌មានថា ថៃមានផែនការធ្វើឃាតមេដឹកនាំកម្ពុជា ពោលគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ។ សម្ដេចបញ្ជាក់ថា រឿងនេះវាពិបាកនឹងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្ត សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នោះដែរ។
សម្ដេចបានបន្ត ថាកម្ពុជាត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំងដើម្បីចរចារកសន្តិភាពហើយថៃក៏ត្រូវការមេដឹកនាំកម្ពុជាណា ដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានឹងកើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត រាប់ម៉ឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែលវានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់ ។
សម្ដេចតេជោបញ្ជាក់បន្ថែមថា ៖ សម្រាប់ខ្ញុំក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ» ។