រដ្ឋមន្រី្តក្រសួងកសិកម្ម ៖ ការចងក្រងជាសហគមន៍កសិកម្មទំនើប បានផ្ដល់ប្រយោជន៍ជាច្រើនជូនប្រជាកសិករ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមាន​ជ័យ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះប្រមូលផលបន្លែ ដើម្បី​ផ្គត់ផ្គង់ដល់កងទ័ពជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានត្រួតពិនិត្យទាំងគុណភាព និងចូលរួម​ប្រមូលផល​ដំណាំ​បន្លែប្រើប្រាស់រយៈពេលដូចជាដំណាំត្រកួន សំដៅផ្គត់ផ្គង់ឱ្យទាន់សភាពកា​រ​ណ៍​កងទ័ពជួរមុខ។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់​ក្រុមការងារ​ពិនិត្យលទ្ធភាពពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនបរិមាណ​ផលិត​កម្មផ្គត់ផ្គង់។

នាថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​សហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ ស្ថិតនៅស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប បាន​ផ្ដល់​ប្រយោជន៍ជាច្រើនជូនប្រជាកសិករ ជាពិសេសការកាត់បន្ថយថ្លៃដើមដាំដុះ ការធានាតម្លៃ និងទីផ្សារតាមរយៈការជ្រើសរើសពូជយុទ្ធសាស្ត្រ និងការចុះកិច្ចសន្យា​ទិញ​លក់ជាមុន។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ការកាត់បន្ថយដើមថ្លៃផលិតកម្ម និងការធានាទីផ្សារនិងតម្លៃ បានផ្ដល់ផលចំណេញខ្ពស់ និងឋិតថេរជូនប្រជាកសិករ។ ក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ បន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹក​នាំ​ការពិភាក្សា និងស្តែងចេញជាលទ្ធផលនៃការដាំដុះរួមគ្នាជា​សហគមន៍កសិកម្មទំនើប ព្រមទាំងលទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ជាពិសេសប្រព័ន្ធ​ធារា​សាស្ត្រ សម្រាប់ត្រៀមដាំដុះនៅរដូវក្រោយ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner