អ្នកនាំពាក្យក្រសួងការពារជាតិ៖សភាពការណ៍តាមព្រំដែននៅតែរក្សាភាពស្ងប់ស្ងាត់ ខណៈកម្ពុជាមិនទទួលយកការប្រឈមមុខដាក់គ្នាក្នុងជម្លោះឡើយ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានថ្លែងថាឈានមកដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះសភាពការណ៍តាមព្រំដែនរវាងកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ ទោះបីយ៉ាងណាកងកម្លាំងកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារទឹកដី។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់​រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់នៅ​ព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ស្ថានភាពតាមខ្សែបន្ទាត់​ព្រំដែន នៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់គិតចាប់តាំង​តែពីម៉ោង ១២,០០រំលងអាធា្រតុថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥មកដល់ពេលវេលាម៉ោង ៦,០០នាទីព្រឹកថ្ងៃដដែលនេះ។ ចំពោះកងម្លាំងកម្ពុជាក៏កំពុងស្ថិតនៅក្នុង​ការប្រុង​ប្រយ័ត្នខ្ពស់ បំផុតក្នុងការបំពេញតួនាទីរបស់ខ្លួន។កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុត​ចំពោះ​ការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី​កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីផងដែររបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ដែលសម្រេចបានតាមរយៈខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ត្រាំ សហរដ្ឋអាមេរិក និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដោយមានការចូលរួម​យ៉ាងសកម្មពី​ប្រទេសចិន។បទឈប់បាញ់នេះបានទទួលការគាំទ្រ និងស្វាមគមន៍យ៉ាងកក់ក្តៅ​ពីសហគមន៍អន្តរជាតិ និងបានឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់បន្ថែមថា៖ក្នុងនាមជាប្រទេសដែល​មាន​ទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពកម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ​នៃបទឈប់បាញ់ដោយជ្រើសរើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយ​មិនទទួលយកការប្រឈមមុខដាក់គ្នា នឹងជម្លោះឡើយ ។ ការប្រកាន់ខ្ជាប់យ៉ាង​មុតមាំរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នេះបង្ហាញពីគោរពចំពោះ ការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់មិត្តអន្តរជាតិ និងបំណងប្រាថ្នា​របស់​កម្ពុជាក្នុងការរួមចំណែកសន្តិភាព ស្ថេរភាព យូរអង្វែងក្នុងតំបន់ ៕

អត្ថបទ ៖ម៉ាដេប៉ូ
រូប ៖ លោក វេង លឹមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner