សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ។ នេះបើតាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ។
សម្ដេចធិបតី បានបញ្ជាក់ថា ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្ត ទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ ជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន ។
ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នា រវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ ក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌ ប្រតិបត្តិ នៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។
ភាគីទាំងពីរ ក៏បានឯកភាព រៀបចំកិច្ចប្រជុំរួម នៃគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែ ក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ ។ ក្នុងករណីចាំបាច់ ភាគីទាំងពីរ អាចកោះប្រជុំ វិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ ។
កម្ពុជា ក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃ ឲ្យបានឆាប់រហ័សផងដែរ ៕


ដោយ ៖ វណ្ណលុក