ឥណ្ឌូណេស៊ីក្លាយជាប្រទេសដំបូងនៅអាស៊ាន ដាក់ពង្រាយប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី

ហ្សាការតា ៖ ឥណ្ឌូនេស៊ីក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដែលបានដាក់ពង្រាយប្រព័ន្ធមីស៊ីលបាលីស្ទិកតាក់ទិក ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធនៅលើសមរភូមិរយៈចម្ងាយខ្លីរបស់ខ្លួន នេះបើយោងតាមប្រភពពីក្រុមឃ្លាំមើលយោធានៅខេត្ត East Kalimantan។

សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី៦ ខែសីហាថា រូបភាពរបស់មីស៊ីល KHAN ផលិតឡើងដោយក្រុមហ៊ុន Roketsan របស់តួកគី ត្រូវបានបង្ហោះលើផេក Facebook ឈ្មោះ Sahabat Keris កាលពីសប្តាហ៍មុន ហើយត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយដោយគេហទំព័រយោធា និងគេហទំព័រឥណ្ឌូនេស៊ី Kompas។

រូបភាពមីស៊ីលនៅលើជើងទម្រ ត្រូវបានគេរាយការណ៍ថា បានថតនៅឯមូលដ្ឋានយោធា Raipur A របស់កងទ័ពឥណ្ឌូនេស៊ី ស្ថិតនៅខេត្ត East Kalimantan ។ មីស៊ីលបាលីស្ទិក គឺជាមីស៊ីលជំរុញកម្លាំងដោយរ៉ុក្កែតដែលអាចពាំទាំងក្បាលគ្រាប់ធម្មតា ឬក្បាលគ្រាប់នុយក្លេអ៊ែរ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Roketsan បានឲ្យដឹងថា គ្រាប់មីស៊ីលមានប្រវែង ៧.១ម៉ែត្រ KHAN មានអង្កត់ផ្ចិត ៦១០មីលីម៉ែត្រ និងមានរយៈចម្ងាយរហូតដល់ ២៨០គីឡូម៉ែត្រ ហើយវាមានទម្ងន់ ២.៥០០គីឡូក្រាម និងអាចបំពាក់ក្បាលគ្រាប់ទម្ងន់ ៤៧០គីឡូក្រាម។

គួរកត់សម្គាល់ ឥណ្ឌូនេស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិតួកគីក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ តួយ៉ាង កាលពីខែមុន ឥណ្ឌូនេស៊ីបានចុះហត្ថលេខាទិញយន្តហោះចម្បាំង KAAN ចំនួន ៤៨ គ្រឿងពីតួកគី។ យន្តហោះចម្បាំងម៉ាស៊ីនភ្លោះបំបាំងកាយ ដែលបង្កើតដោយក្រុមហ៊ុនរដ្ឋតួកគី Aerospace Industries គ្រោងនឹងចូលផលិតកម្មក្នុងពេលឆាប់ៗនេះ ហើយការដឹកជញ្ជូនទៅកាន់កងទ័ពអាកាសតួកគី គ្រោងធ្វើឡើងនៅឆ្នាំ២០២៨ ឬ ២០២៩។

ក្រៅពីទិញយន្តហោះចម្បាំងតួកគី ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំ២០២២ ក៏បានទិញយន្តហោះចម្បាំងបារាំង Rafale ចំនួន ៤២គ្រឿង ក្នុងតម្លៃ ៨.១ពាន់លានដុល្លារ ខណៈដែលចិនក៏បានចែចូវលក់យន្តហោះចម្បាំង J-10 របស់ខ្លួនទៅឲ្យឥណ្ឌូនេស៊ូផងដែរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner