ពិធីបួងសួងសុំសុខសន្តិភាពបានប្រារព្ធនៅទីសក្ការៈបូជាធំៗចំនួនបីក្នុងខេត្តសៀមរាប

សៀមរាប៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង និងឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្របាន​អញ្ជើញជាអធិបតី ដឹកនាំពិធីបួងសួងសុំសុខសន្តិភាពដល់ព្រះរាជាណា​ចក្រ​កម្ពុជា នៅទីសក្ការៈ​បូជាចំនួនបីស្ថិតនៅក្នុងខេត្តសៀមរាប។

ទីសក្ការៈបូជាទាំង៣ដែលបានប្រារព្ធពិធីបួងសួងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥មាន ១.ព្រះអង្គចូលបរិនិព្វាន លើភ្នំគូលែន ,២.ព្រះអង្គ​គោកធ្លក នៅក្នុងតំបន់អភិរក្សអង្គរ,៣.ព្រះអង្គចេក ព្រះអង្គចម និងរូបសំណាកមេទ័ព នៅមុខព្រះរាជដំណាក់សៀមរាប។

ពិធីបួងសួងនេះដែរយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាទីគោរពសក្ការៈ​។

ក្នុងឱកាសនេះសម្តេចមហាមន្ត្រី គុយ សុផល បានឧទ្ទិសថ្វាយចំពោះព្រះ​តេជ​ះ​បារមីនៃព្រះបរមអតីត​ព្រះមហាក្សត្រ​គ្រប់ព្រះអង្គព្រមទាំង​ទេវតា​ទាំង១០,០០០ លោកធាតុក្នុងលោក សូមបានប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្រ្តគ្រប់ស្រទាប់។សម្តេចបានបន្តបួងសួង​សម្រាប់វីរកង​ទ័ពខ្មែរជួរមុខ ដែលបានលះបង់សាច់ឈាម និងអំណាចគ្រប់យ៉ាងដើម្បី​ការពារសូរិយោដីជាតិ សូមបានទទួលជោគជ័យ និងសុវត្ថិភាពគ្រប់​កាលៈទេសៈ។ ព្រមទាំងសូមឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ចម្រុងចម្រើនសម្បូរ​សុខសាន្ត​ជានិច្ចនិរន្តរ៍៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner