អេស្ប៉ាញប្តូរចិត្តលែងទិញយន្តហោះ F-35 របស់អាមេរិក
ម៉ាឌ្រីដ ៖ ប្រទេសអេស៉្បាញបានប្តូរចិត្តលែងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ផលិតដោយអាមេរិក ហើយឥឡូវនេះ កំពុងពិចារណាលើជម្រើសទិញយន្តហោះចម្បាំង Eurofighter និង Future Combat Air System (FCAS) ដែលផលិតដោយអឺរ៉ុបផ្ទាល់វិញ។
មូលហេតុដែលអេស៉្បាញសម្រេចចិត្តបែបនេះ គឺដោយសារតែខ្ទង់ចំណាយរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដមានកម្រិត ដោយខ្លួនបានកំណត់ថវិកាចំនួន ៧.២៤ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិកាឆ្នាំ២០២៣របស់ខ្លួន ដើម្បីទិញយន្តហោះចម្បាំងថ្មីៗ។
ដូច្នេះផែនការរបស់ប្រទេសអេស៉្បាញ ក្នុងការចំណាយភាគច្រើននៃថវិកាបន្ថែមចំនួន ១០.៥ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិឆ្នាំនេះនៅអឺរ៉ុបផ្ទាល់ ធ្វើឱ្យជម្រើសទិញយន្តហោះចម្បាំង F-35 គឺជារឿងមិនអាចទៅរួច។
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បានប្រកាសកាលពីដើមឆ្នាំនេះថា រដ្ឋាភិបាលរបស់លោកនឹងដំឡើងការចំណាយលើវិស័យការពារជាតិឲ្យដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប។
គួរកត់សម្គាល់ យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Lockheed Martin។ ដោយឡែក យន្តហោះចម្បាំង Eurofighter គឺផលិតដោយក្រុមហ៊ុន Airbus, BAE Systems និង Leonardo ខណៈយន្តហោះចម្បាំងនៃគម្រោង FCAS កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍដោយក្រុមហ៊ុន Dassault Aviation, Airbus និង Indra Sistemas៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា