បណ្តាប្រទេសអន្តរជាតិ វាយតម្លៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថាមានដំណើរវិជ្ជមាន និងឈានឆ្ពោះទៅបទឈប់បាញ់ជាអចិន្រ្តៃយ៍
(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា ៖ ក្នុងការសម្រេចបានលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ដែលទើបបានបញ្ចប់ទៅ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៥ កន្លងមកនេះប្រតិកម្មជារួមរបស់ពិភពលោកចំពោះលទ្ធផល នៃកិច្ចប្រជុំ ជាទូទៅគឺមានភាពជាវិជ្ជមាន ។
ឯកឧត្តមបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់ បណ្តាស្ថាប័នរបស់អាស៊ាន បានអបអរសាទរចំពោះកិច្ចព្រមព្រៀង និងយន្តការអ្នកសង្កេតការណ៍ ថាជាជំហ៊ានឈានឆ្ពោះទៅរកកាត់បន្ថយភាពតានតឹងដោយសន្តិវិធី។ប្រព័ន្ធឃោសនាអន្តរជាតិ និងអ្នកការទូតបង្ហាញនូវសុទិដ្ឋិនិយម ហើយនិងព្រមទាំងការយកចិត្តទុកដាក់ខ្ពស់។ការផ្សាយនៃប្រព័ន្ធឃោសនាដោយសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងក្នុងការកាត់បន្ថយភាពតានតឹង ដើម្បីធ្វើឱ្យមានភាពធូរស្រាលនៃជម្លោះ។ ទោះបីយ៉ាងណាតាមរបាយការណ៍បានកត់សម្គាល់ឃើញថាក្នុងពេលដែលមានការរីកចម្រើននេះក៏មានការព្រួយបារម្ភខ្លះពិសេសគឺពាក់ព័ន្ធនឹងជោគវាសនាយោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់យោធាថៃនៅមិនទាន់ដោះស្រាយ ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសបានបង្ហាញប្រតិកម្មមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន សហរដ្ឋអាមេរិក និងរបស់ប្រទេសចិនជាដើម។ចំពោះប្រទេសម៉ាឡេស៊ីបានបង្ហាញថាកិច្ចប្រជុំ GBC នៅទីក្រុងកូឡាំឡាំពួរ បានប្រព្រឹត្តិទៅដោយ ស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវកិច្ចព្រមព្រៀងចំនួន១៣ចំណុច។ប្រទេសម៉ាឡេស៊ីក៏បានផងដែរក្នុងការសម្របសម្រួល រៀបចំក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីត្រួតពិនិត្យបទឈប់បាញ់។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ដែរថា ចំពោះប្រទេសសហរដ្ឋអាមេរិកវិញបានហៅ លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថា ជារបត់ដ៏សំខាន់មួយ និងបានគូសបញ្ជាក់ថា ការសម្រេចបាននូវបទឈប់បាញ់ ស្ថិតស្ថេរចិរកាល គឺនៅតែជាគោលដៅដ៏សំខាន់។
វត្តមានរបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ ដែលអាចបញ្ជាក់ពីការបន្តចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ហើយនិងការគាំទ្ររបស់អាមេរិក ចំពោះកិច្ចខិតខំប្រឹងប្រែងដែលសម្របសម្រួល និងដឹកនាំដោយអាស៊ាន ។
អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានស្វាគមន៍ចំពោះលទ្ធផលិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ហើយនិងយន្តការដែលកំពុងត្រូវបានបង្កើតឡើងដើម្បី ឱ្យបទឈប់បាញ់។អ្នកនាំពាក្យចិនរូបនេះបានបញ្ជាក់ថាប្រទេសចិនបន្តការគាំទ្រសន្តិភាពដែលដឹកនាំដោយអាស៊ាន និងក្នុងការស្តារមកវិញនូវទំនាក់ទំនងរវាងកម្ពុជានិងថៃ ៕
ដោយ ៖ ម៉ាដេប៉ូ