ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀតនៅខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុមការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។
ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត។
យោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទាំង៧ប្រទេសរួមមាន៖ អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី (ប្រធាន), ប្រទេសឥណ្ឌូនេស៊ី, ប្រទេសឡាវ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។
សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។
ក្រសួងការពារជាតិកម្ពុជាបានពណ៌នាថា ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕


ដោយ៖មុនី