ចិនព្រមានថា ហ្វីលីពីនកំពុងតែប្រលែងលេងជាមួយភ្លើងលើបញ្ហាកោះតៃវ៉ាន់

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃទី៨ ខែសីហានេះ បានព្រមានថា ប្រទេសហ្វីលីពីនកំពុងតែប្រលែងលេងជាមួយភ្លើង បន្ទាប់ពីលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងត្រូវអូសទាញឱ្យធ្លាក់ក្នុងជម្លោះណាមួយរវាងចិន-អាមេរិក ដោយសារតែបញ្ហាកោះតៃវ៉ាន់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ការព្រមានរបស់ប្រទេសចិននេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីហ្វីលីពីន Marcos ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឥណ្ឌា ដោយលោកបាននិយាយថា ភាពស្និទ្ធស្នាលរបស់ហ្វីលីពីនចំពោះកោះតៃវ៉ាន់ និងសហគមន៍ហ្វីលីពីនដ៏ធំនៅទីនោះ នឹងនាំឱ្យមានការចូលរួមចាំបាច់ក្នុងជម្លោះបែបនេះ។

ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពជិតខាងផ្នែកភូមិសាស្ត្រ និងប្រជាជននៅបរទេសដ៏ធំ មិនមែនជាលេសសម្រាប់ប្រទេសមួយ ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃនោះទេ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ចិនជំរុញឱ្យហ្វីលីពីនប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងជៀសវាងការប្រលែងលេងជាមួយភ្លើងលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។

ការលើកឡើងរបស់មេដឹកនាំហ្វីលីពីនមានវ័យ៦៧រូបនេះ បានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញជម្លោះដែនទឹក នៅក្នុងបណ្ដាញផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង។

ប្រទេសទាំងពីរបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ទាក់ទិននឹងសកម្មភាពដ៏គ្រោះថ្នាក់នានា និងការរំលោភបំពានអធិបតេយ្យភាពនៅទីនោះ ដែលជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារហ្វីលីពីន៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner