បក្សប្រឆាំងនៅអ៊ីស្រាអែលព្រមានរដ្ឋាភិបាលពីវិនាសអន្តរាយ បើវាយសង្ក្រុបហ្គាហ្សាទាំងមូល
បរទេស ៖ លោក Yair Lapid មេដឹកនាំគណបក្សប្រឆាំង នៅប្រទេសអ៊ីស្រាអែល បានព្រមានរដ្ឋាភិបាល ពីភាពវិនាសអន្តរាយ បើកងទ័ពហ៊ានវាយសង្ក្រុប លើតំបន់ Gaza Strip ទាំងមូល នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ។
ការព្រមាននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រី Netanyahu ទើបបានប្រជុំ អនុម័តផែនការវាយលុកកាន់កាប់ទីក្រុង Gaza ដែលជាទីក្រុងធំបំផុត នៅក្នុងតំបន់ Gaza Strip មានមនុស្សរាប់សែននាក់ កំពុងរស់នៅ។ អ៊ីស្រាអែលអះអាងថា បច្ចុប្បន្ន ខ្លួនគ្រប់គ្រងតំបន់ Gaza Strip ៧៥% ហើយ តែ អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ៨៦% នៃទឹកដីនេះ ស្ថិតនៅក្នុងតំបន់យោធា ឬ ស្ថិតនៅក្រោមការបញ្ជាជម្លៀស។
លោក Yair Lapid និយាយថា ការដណ្តើមកាន់កាប់ទីក្រុង Gaza ទាំងស្រុង នឹងនាំទៅដល់ការស្លាប់ចំណាប់ខ្មាំង ដែលនៅសេសសល់ និង ការសម្លាប់ទាហានអ៊ីស្រាអែល ជាច្រើននាក់។ លោកបន្ថែមថា ផែនការនេះ គឺ ប្រឆាំងទាំងស្រុង នឹងឆន្ទៈរបស់ក្រុមយោធា និងសន្តិសុខ។ លោកក៏បានលើកឡើង ពីការព្រួយបារម្ភ របស់មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ឯក Eyal Zamir ដែលបានព្រមានប្រឆាំង នឹងផែនការនេះ ផងដែរ។
មិនខុសពីខាងគណបក្សប្រឆាំង នៅអ៊ីស្រាអែល អង្គការសហប្រជាជាតិ ក៏បានព្រមានថា ការពង្រីកប្រតិបត្តិការយោធា ប្រថុយនឹងផលវិបាកមហន្តរាយ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងចំណាប់ខ្មាំងអ៊ីស្រាអែល។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer បានហៅការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ថា «ខុស» ហើយជំរុញឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ ជាបន្ទាន់។
សង្គ្រាមអ៊ីស្រាអែល នៅហ្គាហ្សា បានសម្លាប់ប្រជាជន ប៉ាឡេស្ទីន ជាង៦១.០០០នាក់ហើយ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត