អនុប្រធានទី២ព្រឹទ្ធសភា ៖ អាជ្ញាធរគួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការផលិតចំណីអាហារឱ្យបានច្រើន និងប្រកបដោយគុណភាព

(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានណែនាំដល់អាជ្ញាធរ គួរជំរុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យមានការផលិតចំណីអាហារឱ្យបានច្រើន និងប្រកបដោយគុណភាព ។ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់រដ្ឋបាលឃុំ នៅសាលាឃុំភ្នំក្រាំងដីមាស នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥ ។

ឯកឧត្តម បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្ដេច តែងតែយកចិត្តទុកដាក់ជាមួយបងប្អូន នៅតាមមូលដ្ឋានជាប្រចាំ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិក ក្រុមប្រឹក្សាឃុំ និងអ្នកអញ្ជើញចូលរួម ព្រមទាំងបានផ្តល់ថវិកាដល់រដ្ឋបាលឃុំ ដើម្បីដាំកូនឈើនៅក្នុងបរិវេណសាលាឃុំដែលទើបសាងសង់ថ្មី។

ឯកឧត្តម ក៏បានលើកឡើងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្ត សម្បុកត្រីដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដោយសារភាពអំណោយផល នៃភូមិសាស្ត្រខេត្តនេះជាប់នឹងបឹងទន្លេសាប ដូចនេះ អាជ្ញាធរ គួរជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ពង្រីកការផលិតចំណីអាហារ ឱ្យបានច្រើន និងមានគុណភាពសម្រាប់ផ្គត់ផ្គង់ ដែលសម្របពេលនេះ ប្រជាជនយើងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងមកលើផលិតផល ក្នុងស្រុក ។

ឯកឧត្តម បានផ្ដាំផ្ញើថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសយើង ប្រកបដោយចីរភាព គឺយើងត្រូវគិតគូរលើកត្តាបីសំខាន់ៗ ទី១ កត្តាសុខភាព គឺយើងត្រូវចេះរបៀបហូប ដើម្បីទទួលបានសុខភាពល្អ (ហូបតិចៗ ប៉ុន្ដែច្រើនមុខ), ទី២ កត្តាសមត្ថភាព គឺប្រជាជនយើងត្រូវមានសមត្ថភាពអាចសិក្សា រៀនសូត្របានខ្ពស់ មានសមត្ថភាពអាចរកការងារបានល្អ ប្រាក់ចំណូលខ្ពស់ ហើយដើម្បីអាចសម្រេចបាននូវកតា្តទាំងនេះ គឺប្រជាពលរដ្ឋយើង ត្រូវចេះភាសារអង់គ្លេស ដែលជាភាសាសម្រាប់ការសិក្សាស្រាវជា្រវ ការធ្វើជំនួញ និងប្រាស្រ័យទាក់ទងជាដើម។ ជាក់ស្ដែងថ្មីនេះៗ នៅពេលដែលយើងចង់បង្ហាញពិភពលោកថា ប្រទេសថៃ បានឈ្លានពាន មកលើអធិបតេយ្យភាពកម្ពុជាយើង គឺយើងត្រូវប្រើប្រាស់ភាសាអង់គ្លេស ជាអាទិភាព ហើយទី៣ កត្តាជីវភាព ពេលប្រជាពលរដ្ឋមានជីវភាពធូរធារ នោះសង្គមជាតិក៏មានបានតាមនោះដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner