លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។
លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំនួន១៩នាក់, នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួន៩នាក់, នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាចំនួន ១៤នាក់, និងនៅក្នុងមន្ទីរពេទ្យ ព្រះអង្គឌួងចំនួន ១នាក់។
ដោយវីរៈកងទ័ពទាំង ៤៣នាក់ខាងលើនេះ រងរបួសដោយសារការប៉ះទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន ក្នុងការ ការពារបូរណភាពទឹកដីជូនជាតិ។
ខណៈនៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទេវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងទ័ពកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំ នៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញ រកទីតាំងដែលមានសុវត្ថិភាព ចាកឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។
លោកជំទាវ សូមជូនពរដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្រាញននៀល តស៊ូការពារទឹកដី។
លោកជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះផងដែរ រួមមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាការរួមចំណែកលើកទឹកចិត្ត និងគិតគូរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីនៃយើង៕
ដោយ ៖ វណ្ណលុក




































