លោក ស៊ី សាទរអាមេរិក-រុស្ស៊ីយល់ព្រមដោះស្រាយជម្លោះអ៊ុយក្រែន
ប៉េកាំង ៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ប្រទេសចិនរីករាយដែលឃើញអាមេរិក-រុស្ស៊ីផ្តើមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។
ការសាទររបស់លោក ស៊ី កើតឡើងចំពេលដែលលោកប្រធានាធិបតី ពូទីន និងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងកលុងជំនួបតាមទូរស័ព្ទនៅថ្ងៃសុក្រ លោក ពូទីន បានប្រាប់លោក ស៊ី អំពីស្ថានភាពទំនាក់ទំនងថ្មីៗរវាងអាមេរិក និងរុស្ស៊ី ក៏ដូចជាស្ថានភាពជម្លោះនៅអ៊ុយក្រែនផងដែរ។
ចំណែកលោក ស៊ី បានចង្អុលបង្ហាញថា បញ្ហាស្មុគស្មាញមិនមែនដំណោះស្រាយសាមញ្ញអាចដោះស្រាយបានទេ និងថា ប្រទេសចិនតែងតែគាំទ្រការបង្កើតសន្តិភាព និងការលើកកម្ពស់កិច្ចចរចា។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ពូទីន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅចុងខែសីហាខាងមុខនេះ។ បើតាមការគ្រោងទុកនោះ មេដឹកនាំរុស្ស៊ីរូបនេះ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាការប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ហើយលោកក៏នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

