ក្នុងអំឡុងពេលកំពុងអនុវត្តបទឈប់បាញ់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថាមានព័ត៌មានក្លែងក្លាយច្រើនចេញពីភាគីថៃ
ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៩ សីហា ២០២៥ បានឱ្យដឹងថា ភាគីកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុត ។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរយើងសង្កេតឃើញថាមានព័ត៌មានក្លែងក្លាយច្រើនណាស់ ដែលចេញមកពីភាគី ថៃ ដែលជាព័ត៌មានភូតកុហក នៅក្នុងអំឡុងពេលដែលយើងកំពុងតែអនុវត្តន៍បទឈប់បាញ់នេះ ។
ឯកឧត្តមបានបន្តថា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ព័ត៌មានមិនពិត ភូតកុហកទាំងអស់នោះ ពុំបានផ្ដល់ផលប្រយោជន៍អ្វីទេ កុំថាឡើយដល់ទៅប្រជាពលរដ្ឋខ្មែរ ហើយនិងសហគមន៍អន្តរជាតិដែលមិនជឿ លើព័ត៌មានទាំងនោះ សូម្បីតែប្រជាពលរដ្ឋថៃខ្លួនឯង ក៏មានមន្ទិលសង្ស័យលើព័ត៌មានដែលបញ្ចេញដោយរាជរដ្ឋាភិបាលនិងកងទ័ពថៃដែរ ។ ដូច្នេះសូមភាគីថៃបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្ត គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដោយស្មោះត្រង់ ដើម្បីរក្សាសន្តិភាពក្នុងប្រទេសទាំងពីរ និងផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋទាំងពីរ ( កម្ពុជា-ថៃ ) ។