ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ត្រូវឱ្យសិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត កែប្រែប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់នៅក្នុងទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានតម្រូវឱ្យ សិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល អនុវត្តវិធានការច្បាប់ដូចខាងក្រោម ៖
1-ត្រូវបញ្ឈប់សកម្មភាពការដុតរំលាយ សំបកកំប៉ុង ជាបន្ទាន់ ករណីមានបញ្ហារអាក់រអួល ឬខូចប្រព័ន្ធបឺតនិងសម្អាតផ្សែង ដែលមិនអាចដំណើរការសម្អាតផ្សែង។
2-ត្រូវរងពិន័យអន្តរការណ៍ លើករណីល្មើសនឹងមាត្រា៣១២ ៣១៣ ៣១៧ ៣២២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
3-ហាមដាច់ខាត ការយកសំណល់ផេះពីឡដុត ទៅចាក់ចោលនៅទីវាល ឬក្នុងស្រះទឹក ទោះក្នុងរូបភាពបែបណាក៏ដោយ គឺត្រូវធ្វើការប្រមូលសំណល់ផេះទាំងនោះ មកទុកដាក់ក្នុងរោងត្រឹមត្រូវ រួចត្រូវប្រគល់ឱ្យក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាត ដឹកជញ្ជូនទៅទុកដាក់នៅទីលានចាក់សំណល់។
4-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ។

សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យករណីប្តឹងតវ៉ា អំពីរបញ្ហាបង្កផលប៉ះពាល់ ដោយក្លិនមិនល្អ នៅទីតាំងសិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

ក្រុមការងារបានរកឃើញករណី ចំណុចខ្វះខាត និងបញ្ហាដែលបានកើតឡើង ក្នុងនោះអគារផលិតកម្មឃើញដំណើរការឡដុតតែ០១គ្រឿងប៉ុណ្ណោះ ក្នុងចំណោមឡដុតទាំងអស់ចំនួន ០៤គ្រឿង ហើយមានផ្សែងហុយពាសពេញក្នុងអគារ និងមានក្លិនឈ្ងៀម (ក្លិនអាក្រក់) ទៀតផង។ បញ្ហានេះ ដោយសារប្រព័ន្ធបឺតសម្អាតផ្សែងពីឡ និងប្រព័ន្ធម៉ូទ័របាញ់សាចទឹកដើម្បីឱ្យផ្សែងឆ្លងកាត់ ពុំដំណើរការ ជាហេតុបង្កឱ្យផ្សែងនិងក្លិនឈ្ងៀម ដែលកើតចេញពីចំហេះនៃការរំលាយសំបកកំប៉ុងនោះ ហុយពាសពេញក្នុងអគារ ហើយបានបន្តសាយភាយចេញទៅក្រៅអគារ។ ដោយឡែក សិប្បកម្មមានការគ្រប់គ្រងសំណល់ផេះចេញពីឡដុតពុំបានត្រឹមត្រូវទេ ដោយសិប្បកម្ម បានយកសំណល់ផេះ ទៅចាក់ចោលនៅមាត់ច្រាំង នៃស្រះស្តុកទឹករបស់ខ្លួន (ចេញពីប្រព័ន្ធអាងច្រោះសម្អាតផ្សែង) ដែល ស្ថិតនៅខាងក្រោយទីតាំងអគារផលិតកម្ម ៕
ដោយ ៖ ង៉ាន់ ទិត្យ


