អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា សភាពការណ៍ជួរមុខគិតចាប់តាំងពីវេលាម៉ោង១២រំលងអាធ្រាត មកដល់ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខនៅតាមបន្ទាប់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់។ កងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍បន្តថា ដើម្បីអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការឯកភាពគ្នារបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ណាស្លីប៊ីន អាប់ឌុលរ៉ាហ៊ីម អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះត្រួតពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀតដែលបម្រើឱ្យក្រុមការងារនេះប្រចាំនៅខេត្តឧត្តរមានជ័យ។ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកសកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តទៀតថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល គឺមានការចូលរួមចំនួន៧ប្រទេស ក្នុងនោះអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន អញ្ជើញមកពីប្រទេសឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី បនិងប្រទេសវៀតណាម។ សកម្មភាពនេះកើតចេញពលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបាននាំមកការេកភាពគ្នាលើបទឈប់បាញ់។  ការចូលរួមរបស់ប្រទេសដៃគូរទាំងនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញពីបំណាងប្រាថ្នារួមគ្នាក្នុងការធ្វើឲ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែងជាមួយនឹងគញោលដៅនាំមកនូវសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍សម្រាប់ប្រជាជននៃប្រទរសទាំងពីរ៕

ដោយ៖ពលជ័យ

ads banner