ការបណ្តុះផ្នត់គំនិតស្អាតនៅតាមតំបន់ជនភៀសសឹក បានឆ្លុះបញ្ជាំងឱ្យឃើញពីវប្បធម៌ស្អាតនៅក្នុងសង្គមកម្ពុជា
(ភ្នំពេញ)៖ ភាពស្អាត កើតចេញពីចិត្តស្រឡាញ់គ្នាក្នុងស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងពេលពេលលំបាក ជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងការថែមទាំសុខភាពជាពិសេសផងដែរ បានកើតចេញពីចិត្តនៃប្រជាជនខ្មែរគ្រប់រូប។ ភាពស្អាត បានចូលរួមថែមទៀតដល់ការថែទាំសុខភាព ដែលបានស្តែងចេញ ពីការរៀបចំកន្លែងស្នាក់នៅ និងតាមមណ្ឌលជនភៀសសឹក មានអនាម័យនិងជួយឱ្យការរស់នៅប្រកដោយសុខភាពល្អ។ ប្រជាជនភៀសសឹក បានចូលរួមជាមួយអាជ្ញាធរ ទុកដាក់សំរាមបានត្រឹមត្រូវ សម្អាតទីតាំងស្នាក់នៅ និងមណ្ឌលសុវត្ថិភាពរបស់ខ្លួន ។

លោកស្រី ឆឺត សាមួត អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយអំពិល ប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រជាជនជនភៀសសឹក បានចូលរួមសំអាតអនាម័យបរិស្ថាន និងជួយរើសសំរាម ទុកដាក់ ជាមួយអាជ្ញាធរ និងយុវជនស្មគ្រចិត្ត ដើម្ពីធនានាឱ្យមណ្ឌលមានបរិស្ថានស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ។

លោក ជុំ ហួរ ក៏ដូចជាលោក ជុំ ហួត ប្រធាននិងស្ថាបនិកសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម ដែលបានប្រចាំការជួយជំរុញភាពស្អាត នៅតាមមណ្ឌលសុវត្ថិភាព បានលើកឡើងថា រាល់ថ្ងៃកុមារ ជាមួយ ឱពុកម្តាយ របស់ពួកគេ បានយល់ដឹងពីការរក្សាអនាម័យនៅកន្លែងរស់នៅ ចូលរួម សម្អាត និងប្រមូលទុកដាក់សំរាម បានត្រឹមត្រូវ និងជួយដឹកជញ្ជូនទៅកន្លែងទុកដាក់សំរាម ដែលរៀបចំដោយអាជ្ញាធរ។ លោក ជុំ ហួត បានលើកឡើងបន្ថែមថា ប្រជាពលរដ្ឋ បានបើសសម្អាតកន្លែង ស្នាក់នៅជាប្រចាំ ហើយនៅពេលនេះ ការចេញត្រឡប់ទៅផ្ទះសម្បែង របស់គ្រួសារមួយចំនួន ត្រូវបានរៀបចំសម្អាតយ៉ាងស្អាត មុនចេញពីមណ្ឌល។ លោកបានលើកឡើងថា ភាពស្អាតត្រូវបានកើតមានក្នុងចិត្តរបស់ប្រជាពលរដ្ឋភៀសសឹក ហើយ ពេលត្រឡប់ទៅភូមិ ពួកគាត់នឹងបន្តវប្បធម៌ស្អាតនេះ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ដែលជាជនភៀសសឹក គេចចេញពីតំបន់ជម្លោះ ប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក បានទទួលស្វាគមន៍ និងលើកទឹកចិត្ត ជាមួយស្បៀងអាហារ និងជម្រកស្នាក់នៅ ក៏ដូចជាការថែទាំសុខភាព ពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សប្បុរសជន និងប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ការថែទាំសុខភាពជាផ្នែកមួយសំខាន់ ក្រៅពីការយកចិត្តទុកដាក់លើ ការពិនិត្យ ថែទាំ ព្យាបាលជំងឺនានា ក្នុងនោះមានការយកចិត្តទុកដាក់ លើការរៀបចំអនាម័យបរិស្ថាន នៅកន្លែងស្នាក់នៅ និងជុំវិញកន្លែងមណ្ឌលសុវត្ថិភាពនីមួយៗ បន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលបានយល់ដឹងពីសារៈសំខាន់នៃភាពស្អាត ចូលរួមក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ចូលរួមសម្អាតអនាម័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ និងបានចាត់ទុកការចូលរួមសកម្មភាព ដើម្បីភាពស្អាតរបស់កម្ពុជា នៅតាមមណ្ឌលស្នាក់នៅរបស់ជនភៀសសឹក បានបណ្តុះគំនិតស្អាត របស់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ជាំងឱ្យឃើញពីវប្បធម៌ស្អាត កំពុងចាក់ឬសនៅក្នុងសង្គមកម្ពុជា ឆ្ពោះទៅកម្ពុជាស្អាតទាំងពេលបច្ចុប្បន្ន និងតទៅអនាគត។
សូមជម្រាបជូនផងដែរថា ក្រសួងបរិស្ថាន បានផ្តល់ដល់ខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងពេលរត់គេចពីជម្លោះប្រដាប់អាវុធ កើតចេញពីការរំលោភបំពាន មកលើអធិបតេយ្យភាពរបស់កម្ពុជា រួមមាន ៖ រថយន្តដឹកសំរាម ចំនួន ២គ្រឿង (១គ្រឿងនៅមណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើម ខេត្តព្រះវិហារ និង១គ្រឿង នៅមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ខេត្តឧត្តរមានជ័យ) និងធុងសំរាម សរុប ចំនួន ៥៨០ធុង (នៅខេត្តព្រះវិហារ ១៥០ធុង នៅខេត្តសៀមរាប ១៦០ធុង នៅខេត្តឧត្តរមានជ័យ ចំនួន ១២០ធុង នៅខេត្តប៉ៃលិន ចំនួន ៥០ធុង នៅខេត្តពោធិ៍សាត់ ចំនួន ៥០ធុង និងខេត្តបន្ទាយមានជ័យ ចំនួន ៥០ធុង)៕
ដោយ ៖ ង៉ាន់ ទិត្យ
