បេក្ខជន ២៤នាក់ បន្តប្រឡងដំណាក់កាលទី២ ដណ្តើមយកក្របខ័ណ្ឌមន្រ្តីច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី
(ភ្នំពេញ)៖ បេក្ខជន ២៤នាក់ ចាប់ផ្តើមប្រឡងប្រជែងគ្នាដំណាក់កាលទី២ ដណ្តើមយកក្របខ័ណ្ឌ ៨កន្លែង ដើម្បីបម្រើការងារជាមន្ត្រីច្បាប់ នៃក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់ ។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើម នាវេលាម៉ោង ១២ថ្ងៃត្រង់។ វិញ្ញាសា ក្នុងដំណាក់កាលនេះ ជាវិញ្ញាសាអធិប្បាយជំនាញ/ឯកទេស និងវិញ្ញាសាអធិប្បាយចំណេះដឹងទូទៅ។

ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍សាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍សាធារណជនស្ម័គ្រចិត្ត ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប ។

សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ជាសំណួរអធិប្បាយ។ បេក្ខជនត្រូវប្រឡងរយៈពេលពេញ ៥ម៉ោង ដោយសំណួរលើឯកទេសជំនាញ មានរយៈពេល ៣ម៉ោង រីឯសំណួរលើចំណេះដឹងទូទៅមានរយៈពេល ២ម៉ោង ។

គួរបញ្ជាក់ថា ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងមានវត្តមាន នៅមណ្ឌលប្រឡង ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែង និងធានាថា ការប្រឡងប្រជែងទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ដែលតែងតែអនុវត្ ត៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

