កម្ពុជា សាធារណរដ្ឋកូរ៉េ រួមគ្នាអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងចូលរួមអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រផ្នែកបច្ចេកទេសផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងាររួមមាន ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល។

អនុស្សារណៈនេះធ្វើឡើង ក្រោមវត្តមាន ឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម PARK Jong Pill អគ្គលេខាធិការ និងជានាយកប្រតិបត្តិ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីរួមខេត្តសៀមរាប។

គួររម្លឹកផងដែរថា ក្នុងអំទ្បុងពេលទស្សនកិច្ចដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឯកឧត្តមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច និងបានផ្លាស់ប្តូរបទពិសោធជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ តាមរយៈការរៀបចំសិក្ខាសាលារួមគ្នា ដែលជាវេទិកាមួយឱ្យភាគីទាំងពីរធ្វើការសិក្សា ស្វែងយល់ និងពិភាក្សាស៊ីជម្រៅអំពីសកម្មភាពត្រូវអនុវត្ត រួមទាំងការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងគោលនយោបាយវិស័យការងារផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ ក៏បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រួមមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ សមាគមសណ្ឋាគារ និងតំណាងប្រតិភូបុគ្គលិក ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពនៃវិស័យទេសចរណ៍ និងវិស័យការងារនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ។

គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីកម្ពុជា បានបេ្ដជ្ញាបន្តជំរុញនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ ឱ្យដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner