មេដឹកនាំឥណ្ឌា-រុស្ស៊ីពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែន

ញូវដែលី ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និយាយថា រូបលោកមានការសន្ទនា “ល្អណាស់” ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ ក្នុងអំឡុងជំនួបតាមទូរស័ព្ទពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងទ្វេភាគី។

លោកនាយករដ្ឋមន្ត្រី Modi បានសរសេរសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្ញុំមានការសន្ទនាដ៏ល្អ និងលម្អិតជាមួយមិត្តរបស់ខ្ញុំ គឺលោកប្រធានាធិបតី ពូទីន។ ខ្ញុំបានអរគុណគាត់សម្រាប់ការចែករំលែកការវិវត្តចុងក្រោយបង្អស់ក្នុងជម្លោះនៅអ៊ុយក្រែន។ ខ្ញុំទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតី ពូទីន មកកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌាលោក Modi បានប្រាប់លោក Putin ថា ឥណ្ឌានៅតែរក្សាជំហរយ៉ាងខ្ជាប់ខ្ជួន គឺការស្វែងរកដំណោះស្រាយដោយសន្តិភាពក្នុងជម្លោះអ៊ុយក្រែន។

ការសន្ទនារវាងមេដឹកនាំទាំងពីរកើតឡើង ចំពេលដែលប្រទេសមានប្រជាជនច្រើនជាងគេ និងមានសេដ្ឋកិច្ចធំបំផុតទី៥លើពិភពលោក កំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក ជុំវិញការឈប់ទិញប្រេងពីរុស្ស៊ី តបតាមសម្ពាធពីមហាអំណាចអាមេរិក។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទុកពេលឱ្យឥណ្ឌា ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់រុស្ស៊ី និងជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកចំនួនបីសប្តាហ៍ ដើម្បីស្វែងរកអ្នកផ្គត់ផ្គង់ជំនួស ឬត្រូបប្រឈមមុខនឹងពន្ធនាំចូលថ្មីចាប់ពី ២៥ភាគរយ កើនឡើងទ្វេដងដល់ ៥០ភាគរយ។

ការលក់ប្រេងជាប្រភពចំណូលដ៏សំខាន់ សម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ រុស្ស៊ីក៏ជាប្រទេសផ្គត់ផ្គង់អាវុធកំពូលមួយរបស់ឥណ្ឌា ហើយទំនាក់ទំនងដ៏កក់ក្តៅរវាងប្រទេសទាំងពីរមានតាំងពីសម័យសូវៀតមកម្ល៉េះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner