ខេត្តកំពង់ធំសម្ពោធសមិទ្ធផលធំចំនួនពីរក្នុងថ្ងៃតែមួយ

កំពង់ធំ៖អគារសិក្សាថ្មីមួយខ្នងនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងអគារ​មន្ទីរពេទ្យមួយខ្នង នៅមន្ទីរពេទ្យ​បង្អែកស្ទោងត្រូវបានសម្ពោធ​ដាក់ឱ្យប្រើប្រាស់​កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ
ជា សិរី ទេសាភិបាលធនាគារជាតិ។

សូមជម្រាបថា អគារសិក្សាថ្មីនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែលសម្ពោធ​មានកម្ពស់​ពីរជាន់ ស្មើនឹង១២ បន្ទប់។ ចំណែកអគារ​មន្ទីរពេទ្យបង្អែកស្ទោង មានកម្ពស់​ពីរជាន់ ស្មើនឹង២៨ បន្ទប់,មានបណ្ដោយ៤៥ម៉ែត្រ ,ទទឹង១៨ ម៉ែត្រ និងបានបំពាក់​​សម្ភារៈបរិក្ខាពេញលេញ។

ក្នុងឱកាសនេះលោកជំទាវ ជា សិរី បានអំណរគុណដល់ធនាគារអេស៊ីលីដា ដែលបានឧបត្ថម្ភសំណង់​អគារសិក្សា​ដ៏ស្អាតមួយនេះជាចំណងដៃ​ថ្លៃថ្លា​របស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិ និងអតីតតំណាង​រាស្ត្រមណ្ឌលខេត្តកំពង់ធំ។

លោកជំទាវបានគូសរំលេចថា អគារថ្មីទាំងពីរនេះមិនត្រឹមតែជួយលើក​កម្ពស់​សុខាភិបាល និងអប់រំទេ ប៉ុន្តែថែម​ទាំងជួយអភិវឌ្ឍស្រុកស្ទោង​ឱ្យកាន់តែ​រីកចម្រើន។លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ការ​រស់នៅប្រកប​​ដោយអនាម័យ។ចំណែកក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ៕

ដោយ៖​ប៊ុន ​រដ្ឋា

ads banner