អវកាសយានិក ៤ នាក់វិលមកផែនដីវិញ ក្រោយចប់បេសកកម្មនៅស្ថានីយ ISS ៥ខែ
តូក្យូ ៖ អវកាសយានិកជប៉ុន Onishi Takuya និងអវកាសយានិក ៣នាក់ទៀត បានត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបំពេញបេសកកម្មប្រហែល ៥ខែ នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។
អវកាសយានិកទាំងអស់បានចាកចេញពីស្ថានីយ ISS តាមរយៈយានអវកាស Dragon របស់ SpaceX។ យានអវកាសនេះបានបើកឆ័ត្រយោងរបស់វា ដើម្បីទម្លាក់ខ្លួនចុះមកផែនដីវិញយ៉ាងសន្សឹមៗ ដោយវាបានធ្លាក់ចូលសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសៅរ៍ នៅម៉ោងប្រហែល ៥ល្ងាច (ម៉ោងក្នុងតំបន់)។
ក្រោយ មក យាននោះត្រូវបានគេប្រើកប៉ាល់ស្រង់ចេញពីទឹកដោយជោគជ័យ ហើយអវកាសយានិកទាំងអស់សុទ្ធតែមាន សុខភាព ល្អ។
គួរបញ្ជាក់ថា អវកាសយានិកទាំង ៤នាក់បានបំពេញបេសកម្មនៅលើស្ថានីយ ISS ចាប់តាំងពីខែមីនា។ អវកាសយានិក Onishi កំពុងធ្វើការពិសោធដោយប្រើប្រព័ន្ធដកកាបូនឌីអុកស៊ីត ដែលត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មអវកាសរបស់មនុស្សនាពេលអនាគត។
អវកាសយានិក Onishi បានក្លាយជាអវកាសយានិកជប៉ុនទី៣ ដែលបម្រើការជាមេបញ្ជាការស្ថានីយ ISS។ មមុនពេលវិលមកផែនដីវិញ លោក បាន ប្រគល់ ភារកិច្ច ឲ្យ មិត្ត រួម ជាតិ ជប៉ុន Yui Kimiya ដែល បាន មក ដល់ ស្ថានីយ អវកាស នៅ ថ្ងៃ ទី ២ ខែសីហា៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

