ព្រះសង្ឃនិងពុទ្ធបរិស័ទខេត្តកំពង់ធំជាង៥០០ អង្គនិងនាក់ ប្រារព្ធពិធីបង្សុកូលនិងសមាធិដើម្បីឧទ្ទិសមហាកុសលជូនដល់វីរកងទ័ព
កំពង់ធំ៖ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ បានដឹកនាំព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទជាង៥០០អង្គនិងនាក់ប្រារព្ធពិធីបង្សុកូល សមាធិរយៈពេល ៥នាទីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ។ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តឥន្រ្តីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីនេះព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនដែលបានលះបង់អាយុជីវិតដ៏អង់អាចខ្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះ ក្នុងនាមជាព្រះសង្ឃទាំងអស់ ជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ៕
ដោយ៖ប៊ុនរដ្ឋា









