កុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួច ដែលជាគ្រួសារយុទ្ធជន ២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ទទួលការយកចិត្តទុក្ខដាក់ពីកាកបាទក្រហមកម្ពុជា

(សៀមរាប)៖ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខកុមារ និងស្ត្រីត្រៀមសម្រាលនិងសម្រាលកូនរួច ជាគ្រួសារយុទ្ធជន ចំនួន ២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។

លោកជំទាវអគ្គលេខាធិការ បាននាំយកនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជានុរាស្ត្រ និងប្រជាពលរដ្ឋជាការលំបាករបស់ផ្ទាល់របស់លោកជានិច្ច។ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង និងសូមកុមារ និងស្ត្រីត្រៀមសម្រាលនិងសម្រាលកូនរួច ត្រូវអនុវត្តតាមប្រសាសន៍របស់លោកគ្រូអ្នកគ្រូពេទ្យ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយឡើងវិញ ។

សូមបញ្ជាក់ថា ៖ ក្នុងនោះមានដូចជាកុមារ៉ា ធី កម្សត់ អាយុ ១០ឆ្នាំ ដែលត្រូវគ្រាប់ផ្លោង ពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ បានវះកាត់សង្រ្គោះជីវិត និងព្យាបាលដោយទទួលបានជោគជ័យ ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner