ប្រជាជនអ៊ីរ៉ាក់ជាង ៦០០ នាក់ពុលឧស្ម័នក្លរីន
ខាបាឡា ៖ ប្រជាជនអ៊ីរ៉ាក់ធ្វើធម្មយាត្រាជាង ៦០០ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារបញ្ហាផ្លូវដង្ហើម បន្ទាប់ពីពួកគេបានស្រូបឧស្ម័នក្លរីន ដែលលេចធ្លាយចេញពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹក នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃទី១០ ខែសីហា។
ឧប្បត្តិហេតុនេះបានកើតឡើងពេញមួយយប់ ស្ថិតនៅទីតាំងចន្លោះទីក្រុងចំនួនពីរ គឺ Najaf និង Karbala ដែលមានទីតាំងនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ, ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយថា ករណីលេចធ្លាយឧស្ម័នក្លរីននៅទីក្រុង Karbala បានប៉ះពាល់ដល់សុខភាពមនុស្សចំនួន ៦២១នាក់។
ក្រសួងបន្តថា ពួកគេទាំងអស់បានទទួលការថែទាំ និងព្យាបាលបន្ទាន់ ហើយក្រោយមកបានចាកចេញពីមន្ទីរពេទ្យដោយមានសុខភាពល្អឡើងវិញ។
គួរកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់ បានស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែជម្លោះ និងអំពើពុករលួយជាច្រើនទស្សវត្ស គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពធូររលុង។
បើតាមការអះអាងរបស់អាជ្ញាធរ, កាលពីខែកក្កដា អគ្គីភ័យដ៏ធំមួយបានលេបត្របាក់ផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kut ភាគខាងកើត បានសម្លាប់មនុស្សជាង ៦០នាក់ ដែលភាគច្រើនពួកគេបានថប់ដង្ហើមស្លាប់ដោយសារផ្សែង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា