ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងជនភៀសសឹក១០០គ្រួសារនៅខេត្តសៀមរាបបានអំណោយមនុស្សធម៌
សៀមរាប៖ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ,ចាស់ជរា រួមទាំងជនភៀសសឹកចំនួន១០០គ្រួសារកំពុងស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរីដែលផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ។
ពិធីផ្តល់អំណោយបានប្រារព្ធនៅក្នុងបរិវេណវត្តប្រាសាទគោកចក កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាននិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ។
លោក ហ្គោ ទុង ហេង(Goh Tung Heng) ប្រធានសមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរី បានបញ្ជាក់ថា នេះជាអំណោយដ៏តិចតួចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈ ហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅមូលដ្ឋានផ្សេងៗទៀត។
ចំណែកឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ប៊ុន រដ្ឋា