សិង្ហបុរីព្រួយបារម្ភខ្លាំង ក្រោយអ៊ីស្រាអែលចង់លេបយកហ្គាហ្សាទាំងមូល

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកប្រតិបត្តិការយោធា ដើម្បីលេបយកតំបន់ហ្គាហ្សាទាំងមូល។

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅថ្ងៃទី១០ ខែសីហាថា នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់ និង មិនអាចទទួលយកបាន ដែលនឹងធ្វើឱ្យជនស៊ីវិលកាន់តែច្រើនបង្ខំចិត្តភៀសខ្លួន និង បង្កើនវិបត្តិមនុស្សធម៌ថែមមួយកម្រិតទៀត ពីលើស្ថានភាពដុនដាបខ្លាំងរួចទៅហើយ។

ក្រសួងបន្ថែមថា សិង្ហបុរីបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ ពិសេសអ៊ីស្រាអែលត្រូវតែគោរពតាមកាតព្វកិច្ចមនុស្សធម៌អន្តរជាតិ ហើយរាល់ការរឹតបន្តឹងលើជំនួយមនុស្សធម៌ត្រូវតែដកចេញ។

ការព្រួយបារម្ភ និងអំពាវនាវរបស់សិង្ហបុរី កកើតឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយ របស់ អ៊ីស្រាអែល កាលកាលពីថ្ងៃសុក្រសប្តាហ៍មុន បានអនុម័តផែនការមួយ ដើម្បីលេបយកតំបន់ហ្គាហ្សាទាំងមូលតែម្តង។ ភ្លាមៗ ក្រុមហាម៉ាស់បានរិះគន់ផែនការពង្រីកការប្រយុទ្ធគ្នានេះថា ជា “ឧក្រិដ្ឋកម្មសង្គ្រាមថ្មី”៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner