ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ជាជនភៀសសឹក ១នាក់ ដែលមកថែទាំសុខភាពត្រៀមសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នាយកសាខា, ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរពេទ្យ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ជា មួយលាភ អាយុ ៣៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបី បានភៀសសឹកពី ភូមិសែនរុងរឿង១ ឃុំទឹកក្រហម ខេត្តព្រះវិហារ ដែលបានត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។

ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកស្រី ជា មួយលាភ រួមមាន ៖ អង្ករ ៥០គក្រ គ្រឿងឧបភោគ បរិភោគ ទឹកដោះគោឆៅ ២យួរ ទឹកសុទ្ធ ២កេស ឃីតស្ត្រី ១ឈុត និង ថវិកា ១០លានរៀល ៕
លី ពៅ


