សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប កំពុងធ្វើបុណ្យនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីពេលថ្មីៗកន្លងទៅ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប ដែលពិធីបុណ្យធ្វើនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកជំទាវ ពុំ ចន្ទីនី បានប្រគល់ជូនក្រុមគ្រួសារសពនូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់វីរយុទ្ធជនយើង គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ហើយក៏ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រនៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង។

កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនសម្រាប់ចូលបុណ្យសពផងដែរ៕

ដោយ /​ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner