អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាចុះពិនិត្យ និងជូនអំណោយដល់ជនភៀសសឹកនៅខេត្តសៀមរាប
សៀមរាប៖ មន្រ្តីនៃអង្គការមិនមែនរដ្ឋាភិបាលប្រចាំកម្ពុជាចំនួន៧៤រូបមកពី៤៤ស្ថាប័ន បានបន្តចុះជួបជនភៀសសឹកដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅមណ្ឌលសុវត្ថិភាពជនភៀសសឹកវត្តជ្រោយនាងងួន ភូមិជ្រោយនាងងួន ឃុំ ជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។សកម្មភាពនេះបានដឹកនាំនិងសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥។
សូមជម្រាបថាជនភៀសសឹកចាប់ផ្តើមចូលមកស្នាក់នៅវត្តជ្រោយនាងងួន កាលពីថ្ងៃទី ២៤ ខែកក្កដា ហើយបន្តស្នាក់នៅរហូតមកដល់ថ្ងៃទី១១ ខែ សីហានៅឡើយ។
អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ជនភៀសសឹកស្នាក់នៅវត្តជ្រោយនាងងួនគិតត្រឹមល្ងាចថ្ងៃទី១១ ខែសីហា នៅសល់១៣៤គ្រួសារស្មើនឹងចំនួន៤៥០នាក់ទៀតដែលមិនទាន់វិលត្រឡប់ទៅលំនៅឋាន។ពលរដ្ឋទាំងនេះមកពី តំបន់ក្បែរព្រំដែន ពិសេសឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលសភាពការណ៍នៅផុយស្រួយ ធ្វើឱ្យពលរដ្ឋជនភៀសសឹកមិនអាចវិលត្រឡប់ទៅវិញបាននៅឡើយ៕
ដោយ៖ម៉ាដេប៉ូ







