យន្តហោះចម្បាំងបំបាំងកាយ F-35B ចុះចតបន្ទាន់នៅជប៉ុន

តូក្យូ ៖ យន្តហោះចម្បាំងបំបាំងកាយ F-35B Lightning របស់ចក្រភពអង់គ្លេស បានបង្ខំចិត្តចុះចតជាបន្ទាន់ដោយសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន ដែលនេះជាករណីទី២ហើយ បន្ទាប់ពីយន្តហោះ F-35B មួយគ្រឿងផ្សេងទៀតបានជាប់គាំងរាប់សប្តាហ៍នៅលើទឹកដីប្រទេសឥណ្ឌា ដោយសារតែបញ្ហាបច្ចេកទេស នេះបើតាមសារព័ត៌មាន telegraph នៅថ្ងៃទី១០ ខែសីហា។

ក្រសួងការពារជាតិជប៉ុនបានលើកឡើងថា F-35B មានតម្លៃជាង ១០០លានដុល្លារ ដែលជាយន្តហោះបំបាំងកាយទំនើបបំផុតមួយរបស់ពិភពលោក បានបង្វែរទិសដៅហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kagoshima នៅម៉ោងប្រហែល ១១និង៣០នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានបញ្ហាខុសប្រក្រតី។

យន្តហោះ F-35B មួយគ្រឿងនេះ ធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្តហោះ HMS Prince of Wales ដែលជាផ្នែកមួយនៃកងនាវាចម្បាំងរបស់ចក្រភពអង់គ្លេស ហៅកាត់ (UKCSG) ជាក្រុមបេសកកម្មកងទ័ពជើងទឹក ដែលបច្ចុប្បន្នត្រូវបានដាក់ពង្រាយទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា យន្តហោះ F-35B នេះមានបញ្ហាផ្នែកវិស្វកម្ម ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យបន្ថែមទៀត មុនពេលអនុញ្ញាតឱ្យវាហោះហើរត្រឡប់ទៅកាន់នាវា HMS Prince of Wales វិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យន្តហោះចម្បាំង F-35 Lightening គឺជាយន្តហោះបំបាំងកាយពហុតួនាទី ជំនាន់ទី៥ ដែលផលិតនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Lockheed Martin ។ អធិរាជលើអាកាស F-35B មានសមត្ថភាពចុះចតបានទាំងផ្តេក និង បញ្ឈរខ្លួន ដែលធ្វើឱ្យវាស័ក្តិសមបំផុត សម្រាប់ការប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះ។

បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសមានយន្តហោះ F-35B ចំនួន ៣៧គ្រឿង ដែលដំណើរការរួមគ្នាដោយកងទ័ពជើងទឹក និងកងទ័ពអាកាស។ ហើយកាលពីខែមិថុនា រដ្ឋាភិបាលទីក្រុងឡុងដ៍បានប្រកាសពីផែនការទិញយន្តហោះ F-35A យ៉ាងហោចណាស់ចំនួន ១២គ្រឿងថែមទៀត ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ។ ចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថា នឹងមានយន្តហោះ F-35 សរុបចំនួន ៤៧គ្រឿងនៅត្រឹមចុងឆ្នាំ២០២៥៕

ប្រភព ៖ telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner