UN ថា អ្នកកាសែត២៤២នាក់ត្រូវបានសម្លាប់ នៅហ្គាហ្សា

ហ្គាហ្សា ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បាននិយាយថា អ្នកកាសែត ចំនួន ២៤២នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីមានសង្គ្រាម មក។

ការបញ្ចេញ របាយការណ៍នេះ បានធ្វើឡើង ខណៈដែលមានការកាន់ទុក្ខ អំឡុងពិធីបុណ្យសព របស់អ្នកកាសែត Al Jazeera ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ថ្មីៗនេះ។

លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានថ្កោលទោសការសម្លាប់បុគ្គលិក របស់ Al Jazeera ៥នាក់ និងអ្នករាយការណ៍ ទីប្រាំមួយ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ហើយ បាននិយាយថា យ៉ាងហោចណាស់ អ្នកកាសែតចំនួន ២៤២ នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម។

អ្នកកាន់ទុក្ខ Gaza រាប់សិបនាក់ បានប្រមូលផ្តុំគ្នា នៅទីធ្លាមន្ទីរពេទ្យ Al-Shifa នៃទីក្រុង Gaza ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ទាំងប្រាំមួយនាក់ កាលពីថ្ងៃអាទិត្យ។ នាយកគណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហៅកាត់ CPJ និយាយថា ការសម្លាប់អ្នកកាសែត Al Jazeera គឺ ជាឧក្រិដ្ឋកម្មសង្គ្រាម ១០០%។

ក្រុមតស៊ូមតិប្រព័ន្ធផ្សព្វផ្សាយ នៃ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិក Al Jazeera ជាច្រើននាក់ នៅហ្គាហ្សា ពេញមួយយប់ ដោយនិយាយថា អ្នកកាសែត មិនគួរជាគោលដៅវាយប្រហារ នៅក្នុងសង្គ្រាម នោះឡើយ។

គណៈកម្មាធិការ CPJ កាលពីខែកក្កដា បានអំពាវនាវឱ្យមានការការពារ លោក Anas al-Sharif ដែលជាអ្នកកាសែតម្នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ពោលគឺបន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីស្រាអែល បានអះអាងថា បុគ្គលរូបនេះ គឺជាសមាជិកក្រុម សកម្មប្រយុទ្ធ ហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner