លោក Trump រំពឹងថា នឹងមានការសន្ទនាក្នុងន័យស្ថាបនាជាមួយលោក Putin
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា លោករំពឹងពីការទទួលបានកិច្ចសន្ទនា ក្នុងន័យស្ថាបនា ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ហើយបានសម្តែងការមិនពេញចិត្ត នឹងលោក Volodymyr Zelensky របស់អ៊ុយក្រែន ចំពោះការបដិសេធមិនផ្តល់សម្បទានទឹកដី។
ប្រធានាធិបតីអាមេរិក បានចំណាយពេល ប៉ុន្មានខែដំបូង នៃ អាណត្តិទីពីរ របស់លោក ក្នុងការព្យាយាមស្វែងរកសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកអួតអាងថា អាចបញ្ចប់ជម្លោះ ក្នុងរយៈពេល២៤ម៉ោង ប៉ុន្តែ ការចរចា, ការហៅទូរស័ព្ទ និង ដំណើរទស្សនកិច្ចការទូត ជាច្រើនជុំ មិនទាន់បានជោគជ័យ នៅឡើយទេ។
លោក Trump និង លោក Putin គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយ នៅអាឡាស្កា នាថ្ងៃសុក្រនេះ ក្នុងការដេញថ្លៃ បញ្ឈប់ជម្លោះដែលត្រូវបានបង្កឡើង ដោយការលុកលុយ កាលពីខែកុម្ភៈឆ្នាំ ២០២២ របស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន។ វានឹងក្លាយជាជំនួបដំបូង រវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី ចាប់តាំងពីលោក Joe Biden អតីតប្រធានាធិបតី បានជួបជាមួយលោក ពូទីន នៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២១។
លោក Trump បានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមាន ដោយនិយាយថា “ខ្ញុំនឹងនិយាយទៅកាន់លោក Vladimir Putin ហើយខ្ញុំនឹងប្រាប់គាត់ថា អ្នកត្រូវតែបញ្ចប់សង្រ្គាមនេះ” ។ លោកប្រធានាធិបតីបាននិយាយថា “ខ្ញុំគិតថា យើងនឹងមានការសន្ទនា ក្នុងន័យស្ថាបនា” ដោយកត់សម្គាល់ថា លោកនឹងស្វែងរក “ប៉ារ៉ាម៉ែត្រ” របស់ លោក ពូទីន សម្រាប់សន្តិភាព បន្ទាប់មក ទូរស័ព្ទទៅ លោក Zelensky និង មេដឹកនាំអឺរ៉ុប ផ្សេងទៀត ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំ រួចរាល់។
យ៉ាងណា លោក Trump បាននិយាយ កាលពីសប្តាហ៍មុនថា នឹងមានការផ្លាស់ប្តូរទឹកដី មួយចំនួនដើម្បីភាពប្រសើរឡើង នៃប្រទេសទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី តែ ជាការផ្តល់យោបល់ ដែលត្រូវបាន លោក Zelensky ប្រកាសច្រានចោល។
ជុំវិញរឿងនេះ លោក Trump បាននិយាយថា លោកមាន «ការរំខានតិចតួច» ចំពោះជំហររបស់ លោក Zelensky លើសម្បទានទឹកដី ហើយបានទទូចថា ការដោះដូរដីធ្លី នឹងកើតឡើង។ លោកបានថ្លែងថា៖ «វានឹងមានការដោះដូរខ្លះ នឹងមានការផ្លាស់ប្តូរខ្លះ ជុំវិញទឹកដីនេះ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត