អ្នកវិភាគនយោបាយ ច្បាប់ និងសង្គម បានលើកឡើងថា មេទ័ពភូមិភាគ២ របស់ថៃ “Boosin Padklang ជា ឧក្រិដ្ឋជនសង្គ្រាមប្រចាំតំបន់អាស៊ានឆ្នាំ២០២៥”

(ភ្នំពេញ)៖ លោកបណ្ឌិត ជិន ចេស្តា ដែលជាអ្នកវិភាគនយោបាយ ច្បាប់ និង សង្គម មួយរូប បានលាតត្រដាង និងចាត់ទុក មេយោធាភូមិភាគ២របស់ប្រទេសថៃបច្ចុប្បន្ន លោក“Boosin Padklang ជាឧក្រិដ្ឋជនសង្គ្រាមប្រចាំតំបន់អាស៊ានឆ្នាំ២០២៥”។

លោកបណ្ឌិត ជិន ចេស្តា បានបង្ហាញពីភស្ថុតាងក្នុងបទវិភាគរបស់ខ្លួន ហើយត្រូវ​បាន ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ យកមក​បង្ហោះក្នុងបណ្តាញសង្គម នាយប់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ដោយលើកឡើង​ថា ក្នុងរយៈកាល៥ថ្ងៃនៃការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានភស្តុតាងជាច្រើនចង្អុលបង្ហាញថា លោក Boosin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាឧក្រិដ្ឋជនសង្គ្រាមប្រចាំតំបន់អាស៊ាន​ឆ្នាំ២០២៥​។ មេបញ្ជាការយោធភូមិភាគ២ថៃរូបនេះបានប្រែក្លាយជម្លោះ​ព្រំដែន​ដែល​ជារឿងបច្ចេកទេសសុទ្ធសាធ ទៅជាជម្លោះប្រដាប់អាវុធ ក្នុងគោលបំណង​លេបត្របាក់ទឹកដីកម្ពុជា ដោយមិនញញើតច្បាប់អន្តរជាតិ និងការថ្កោលទោស​ពីសហគមន៍អន្តរជាតិ។

លោកបណ្ឌិត ជិន ចេស្តា បានឱ្យដឹងដែរថា ក្នុងប្រតិបត្តិការយោធាមក​លើទាហ៊ាន​ឈរជើងស្របច្បាប់កម្ពុជានៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ក្រោមបញ្ជា​លោក Boosin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាការវាយប្រហារ ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជាគិតទុកជាមុន ពីព្រោះលោកមេបញ្ជាការ​យោធ​ភូមិភាគ២រូបនេះបានប្រកាសក្តែងៗមុនផ្ទុះអាវុធថា ការវាយប្រហារលើកម្ពុជាចំ​ណាយ​ពេលត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ អ្វីៗនឹងត្រូវបញ្ចប់ជាស្ថាពរ។ នៅទីបំផុត​នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហ៊ានថៃបានបើកការវាយប្រហារមកលើ​ទាហ៊ាន​​កម្ពុជា ទីតាំងប្រាសាទតាមាន់ និងតំបន់ផ្សេងៗទៀតយ៉ាងកម្រោល ដោយ​មិនញញើតច្បាប់អន្តរជាតិ។

លោកបណ្ឌិត បញ្ជាក់បន្ថែមថា នៅក្នុងប្រតិបត្តិការយោធាខុសច្បាប់របស់ខ្លួនចំនួន ៥យប់ ៦ថ្ងៃ ក្រោមបញ្ជាការផ្ទាល់ពីលោក Boosin Padklang ទាហ៊ានថៃមិន​ស្ទាក់ស្ទើរក្នុងការប្រើប្រាស់យន្តហោះ F-16 បំពាក់ដោយមុីស៊ីលរយៈឆ្ងាយ គ្រាប់​បែក​ចង្កោម និងផ្សែងពុល ធ្វើការវាយប្រហារមកទាហ៊ានកម្ពុជា ទីតាំងជនសុីវិល ភូមិឋានពលរដ្ឋស្លូតត្រង់ សាលារៀន និងទីតាំងសាសនា វត្តអារ៉ាម ដែលធ្វើឱ្យពល​រដ្ឋ លោកសង្ស និងទាហាន ត្រូវបាត់បង់ជីវិត ទន្ទឹមនឹងនោះពលរដ្ឋកម្ពុជា ជាច្រើន​ម៉ឺន​នាក់បានធ្វើការជម្លៀសចេញពីផ្ទះសម្បែងយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត។

អ្នកវិភាគនយោបាយ ច្បាប់ និង សង្គម រូបនេះបានឱ្យដឹងដែរថា៖ ក្រោយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់មួយចូលជាធរមាន ទាហ៊ានថៃ​មួយក្រុមបានចាប់ខ្លួនទាហ៊ានកម្ពុជាចំនួន ២០នាក់ ដែលគ្មានអាវុធក្នុងដៃ ហើយ​កំពុង​អនុវត្តន៍បទឈប់បាញ់ទៅហើយនោះ។ ទន្ទឹមនឹងនោះក្រោមបញ្ជាពី​មេ​បញ្ជា​ការ​យោធភូមិភាគ២របស់ខ្លួន ទាហ៊ានថៃបានបន្តរំលោភបទឈប់បាញ់​តាមរយៈ​ការរាយបន្លាលួសនៅលើទឹកដីកម្ពុជា និងតំបន់កំពុងមានជម្លោះផ្សេងទៀត រួមទាំង​ប្រើប្រាស់ជំពាមកៅស៊ូវាយប្រហារមកលើទ័ពកម្ពុជា ដើម្បីរុលចូលដែនអធិបតេយ្យ​កម្ពុជា ដោយមិនញញើតអនុព័ន្ធយោធា និងអ្នកសង្កេតការណ៍អន្តរជាតិនោះទេ។

លោកបណ្ឌិតលើកឡើងដោយបញ្ជាក់ថា”ដោយមិនឆ្អែតឆ្អន់និងការវាយប្រហារមកលើកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ពាក្យសំដីឈ្ងៀមដូចគ្រាប់​កាំភ្លើង​របស់ លោក Boosin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ បានលាន់លឺ​ពេញ​មួយពិភពលោក ស្តីពីគម្រោងវាយប្រហារដណ្តើមយកទីតាំងប្រាសាទតាក្របី តាមាន់ ដែលស្ថិតនៅដែនអធិបតេយ្យកម្ពុជាឱ្យខានតែបាន មុននឹងលោកត្រូវចូល​និវត្តន៍នៅពេលប្រមាណ៥០ថ្ងៃខាងមុខ។ ទង្វើរនេះបង្ហាញយ៉ាងច្បាស់ថា ថៃពិតជា​មានមហិច្ចតាផ្សេងថ្មីបន្ថែមទៀតលើការរំលោភដែនអធិបតេយ្យកម្ពុជា បំពានច្បាប់​អន្តរជាតិ និងបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត”។

លោកបណ្ឌិតថ្លែងថា៖ ចំពោះផែនការយ៉ាងកម្រោលរបស់ លោក Boosin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ បានបង្ហាញសហគមន៍អន្តរជាតិ អាស៊ាន សហរដ្ឋអាមេរិច និង ចិន យ៉ាងច្បាស់ថា ជាទង្វើររំលោភលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាក្រុងហ្សឺណែវ លក្ខន្តិកៈ​ទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ អនុស ញ្ញាអង្គការយូណេស្កូ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើស​អើងពូជសាសន៍ (ICERD) និងការប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

លោកបណ្ឌិត ជិន ចេស្តា វាយតម្លៃថា៖ភស្តុងតាងទាំងនេះបានចង្អុលបង្ហាញ យ៉ាងច្បាស់ថា មេបញ្ជាការយោធភូមិភាគ២ថៃរូបនេះគឺជា​ឧក្រិដ្ឋជន​សង្គ្រាម​ប្រចាំតំបន់អាស៊ានឆ្នាំ២០២៥ ដែលយុត្តាធិការជាតិ និងអន្តរជាតិ ពោលគឺ​តុលាការក្នុងស្រុកថៃ និងកម្ពុជា រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចបើក​ការស៊ើបអង្កេតលើមេបញ្ជាការយោធភូមិភាគ២ថៃរូបនេះ ដើម្បីយកមកទទួលខុស​ត្រូវ​តាមផ្លូវច្បាប់អោយខាងតែបាន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner