ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពសៀមឈ្លានពាន កម្ពុជា ធ្វើឱ្យសិស្សសាលាបឋមសិក្សាតាមន្តសែនជ័យ លែងបានចូលរៀន និងត្រូវជម្លៀសខ្លួនទៅឆ្ងាយពីស្រុកភូមិ
(ឧត្តរមានជ័យ)៖ នៅលើក្តារខៀនដែលសរសេរថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃចុងក្រោយបង្អស់ ដែលកុមារជាកូនសិស្សសាលាបឋមសិក្សា តាមន្តសែនជ័យ ស្ថិតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ត្រូវបានបង្ខំចិត្តចាកចេញឆ្ងាយទាំងសាលារៀន និងផ្ទះសម្បែងរបស់ខ្លួន ហើយទៅរស់នៅជំរុំសុវត្តិភាព ដែលជាជនភៀសសឹក។
យ៉ាងហោចណាស់មានថ្នាក់រៀនចំនួន៣ក្នុងចំណោមអាគារមួយខ្នងនៃលាបឋមសិក្សាតាមន្តសែនជ័យត្រូវទទួលរងការវាយប្រហារ ដោយ យន្តហោះ F-16 របស់កងទ័ពសៀមឈ្លានពាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្រៅពីវាយប្រហារសាលារៀន កងទ័ពសៀមឈ្លានពាន ក៏បានវាយប្រហារបំផ្លាញ វត្តតាមាន់សែនជ័យ ទទួលរងការខូចខាតខ្ទេចខ្ទាំ បាញ់បំផ្លាញស្ថានីយប្រេងឥន្ធនៈតេលារបស់ប្រជាពលរដ្ឋ និងបាញ់កំទេចផ្ទះអ្នកភូមិ ជាច្រើនខ្នងទៀតនៅតំបន់នេះ ។
រូបភាពគួរឱ្យខ្លោចផ្សារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ពេលដែលក្រុមអនុព័ន្ធយោធាបរទេសបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិគោកមន ឃុំគោកមន ម្នាក់ៗបានគ្រវីក្បាល និង ខ្លោចផ្សារជំនួស សិស្សានុសិស្ស ដែលថ្នាក់រៀនត្រូវបានបំផ្លាញ និងត្រូវឃ្លាតឆ្ងាយពីសាលារៀនមិនដឹងថ្ងៃណាបានវិលត្រឡប់មកវិញ។
ម្នាក់ៗមិនថាជនបរទេស ឬ ពលរដ្ឋកម្ពុជាទេ តែងកើតមានចិត្តសង្វេគខ្លោចផ្សារនោះគឺនៅពេលគេឃើញសៀវភៅសិស្សត្រូវវបានធ្លាក់រាយប៉ាយក្រោមតុគ្រូ និងមួយចំនួននៅលើតុគ្រូ ដែលពុំមានសណ្តាប់ធ្នាប់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោង តាមរយៈយន្តហោះ បណ្តាឱ្យដំបូលសាលាធ្លុះធ្លាយ ជញ្ជាំងថ្នាក់រៀនបាក់បែក ស្ទើរមើលមិនយល់។ថ្នាក់រៀនដែលធ្លាប់តែមានសោភណ្ឌភាពភាពសមរម្យ ជាទីកក់ក្តៅរបស់សិស្ស និងគ្រូបង្រៀន ពេលនេះត្រូវខ្ទេចខ្ទាំដោយសារការវាយប្រហារពីសំណាក់កងទ័ពសៀមឈ្លានពាន ដ៏ឃោឃៅគ្មានក្តីមេត្តាសូម្បីតែបន្តិចសោះឡើយ ។
លោកគ្រូ ស្រ៊ុន ញ៉ែប ដែលបង្រៀននៅសាលាបឋមសិក្សា តាមន្តសែនជ័យ បង្ហាញការសោកស្តាយយ៉ាងខ្លាំងក្នុងការអាណិតដល់សិស្ស ដែលពុំបានចូលរៀន ។ វាជាការបង្កវិនាសសកម្មដ៏យង់ឃ្នងពីសំណាក់កងទ័ពសៀមដែលវាយប្រហារមិនរើសមុខសូម្បីតែសាលារៀន វត្តអារាម ឬផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ ។
លោកគ្រូ បានបញ្ជាក់ប្រាប់បន្ថែមថា ”មិនដឹងថាសិស្សពួកខ្ញុំបានចូលរៀនវិញថ្ងៃណាទេ! បើកងទ័ពសៀមចិញ្ចឹមចិត្តឈ្លានពានឥតឈប់ឈរបែបនេះ”។
គួរបញ្ជាក់ថា យោងតាមគេហទំព័ររបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានឱ្យដឹងថា ហេតុការណ៍នេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើអគារចំនួន ៣បន្ទប់ និង សម្ភារៈមួយចំនួនទៀត រួមមាន ស៊ីទែនទឹកចំណុះ ២០០០ លីត្រ ចំនួន ១ កុំព្យូទ័រ ១ គ្រឿង ម៉ាស៊ីនគិតលេខ ២ គ្រឿង ទូដាក់សម្ភារៈ ២ កង្ហារ ៨ គ្រឿង តុសិស្ស ៣០ តុគ្រូ ៣ និងក្ដារខៀន ១ផ្ទាំង ៕
ដោយ ៖ ម៉ាដេប៉ូ







