មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖មន្ត្រីមន្ទីរព័ត៌មានត្រូវអនុវត្តការងារ​ព័ត៌មាននិងសាធារណមតិឱ្យបានកាន់តែសកម្ម

ក្រចេះ ៖បង្ហាញវត្តមាននៅខេត្តក្រចេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខា​ធិការក្រសួងព័ត៌មាន និងជាអនុប្រធាន​គណៈកម្មការដឹកនាំនិងតម្រង់ទិស​ការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណ​មតិនៃមន្ទីររាជធានី ខេត្ត បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះ​ត្រូវខិត​ខំធ្វើការងារ​ផ្នែកព័ត៌មាន​និងសាធារណ​មតិ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ​សកម្មថែម​ទៀត ដើម្បីប្រជាពលរដ្ឋទទួលព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងឱកាសជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត​ក្រចេះ​កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ជាមួយនឹងការថ្លែងកោត​សរសើរ​ចំពោះសកម្មភាពកន្លងមក ឯកឧត្តម ទេព អស្នារិទ្ធ គូសរំលេចថា ក្នុងក្របខ័ណ្ឌ​ប្រតិបត្តិការ ក្រុមមន្ត្រីព័ត៌មាននិងសាធារណមតិខេត្តក្រចេះ ត្រូវអនុវត្ត និងតាម​ដាន​ការងារ ដោយ​សហការជាមួយរដ្ឋបាលខេត្ត និងធ្វើការយ៉ាងជាប់លាប់ជា​ប្រចាំជាមួយលោកអភិបាលរងទទួលបន្ទុក​ព័ត៌មាន​និងជា​អ្នកនាំពាក្យខេត្តក្រចេះ ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត សុក្រឹត។បន្ថែមពី​នេះ​ត្រូវ ពង្រឹង​​ទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ស្រាយបំភ្លឺសាធារណ​មតិ ឆ្លើយតបទៅនឹងការបំភ្លៃ បន្សាបព័ត៌មាន​ក្លែងក្លាយ​ជាដើម។

ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ផ្តើមចេញពីសារសំខាន់នេះឯកឧត្តម​អនុរដ្ឋ​លេខាធិការបានបញ្ជាក់ថា មន្ទីរព័ត៌មានខេត្ត ដើរតួនាទីជាសេនាធិការ​ដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត។ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិត​ខំ​បង្កើនការយកចិត្តទុកដាក់អនុវត្តការងារ​ប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាព​ផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្រប​នឹងការរីក​ចម្រើនក្នុងសង្គម និងទំនោរនៃការ​ទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំង​បណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram។

មន្ត្រីមន្ទីរត្រូវបង្កើនគំនិតច្នៃប្រឌិត និងប្រើប្រាស់សិល្ប:ក្នុងការប្រមូល ផលិត ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន ពិសេសត្រូវផ្ដោតលើប្រធានបទដែលមាន​ប្រជាប្រិយភាពក្នុងលំហសាធារណមតិ ដើម្បីបញ្ជ្រាបអំពីសមិទ្ធផល​របស់ខេត្ត និងរាជរដ្ឋាភិបាល ព្រមទាំងឆ្លើយទៅនឹងការលើកឡើង និងសំណូមពរនានា។នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ទេព អស្នារិទ្ធ ។

តបនឹងការជំរុញរបស់ឯកឧត្តម ទេព អស្នារិទ្ធ និងក្រុមការងារក្រសួងព័ត៌មាន​ដែលបានតម្រង់ ទិសការងារព័ត៌មាន និងសាធារណមតិនេះ ដើម្បីឱ្យប្រជាពលរដ្ឋ​ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់,    លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ​ប្តេជ្ញាខិតខំពង្រឹងសមត្ថភាពមន្ត្រី​ទទួលបន្ទុកលើ​ការងារព័ត៌មាន និងសាធារណ​មតិនេះឱ្យបានកាន់តែល្អថែមទៀតតាម​រយៈការបំពាក់​ឧបករណ៍សម្ភារៈបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដើម្បីឱ្យការងារនេះ​ទទួលបានជោគជ័យ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner