អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងបដិសេធដែលភាគីថៃចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥មកដល់ម៉ោង ៦,០០នាទីព្រឹកថ្ងៃនេះ សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។កងកម្លាំងរបស់កម្ពុជា គឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។

នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឱ្យដឹងដែរថាគិតរហូតមកដល់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥វេលាម៉ោង ៧,៥០នាទីក្រោយឈប់បាញ់ភ្លាមៗកងកម្លាំងរបស់កម្ពុជាត្រូវបានកងទ័ពថៃចាប់ខ្លួន ដោយខុសច្បាប់ គិតមកដល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយ ។ កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ចូនកងកម្លាំងកម្ពុជាទាំង ១៨រូបឱ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និង ស្ថាប័នអន្តរជាតិជាច្រើន ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។កម្ពុជាចាត់ទុកថាវាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក បន្ដថាកម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។

កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ។ មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។

ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា៖ «កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន»៕

ដោយ ៖ ម៉ាដេប៉ូ និង លោក វេង លីមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner