សេតវិមាន ថា ជំនួបកំពូលត្រាំ-ពូទីន សង្ឃឹមបញ្ចប់សង្គ្រាម

អាមេរិក ៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃអង្គារ ទី១២ ខែសីហា ថា ជំនួបកំពូល រវាង លោក Trump និង លោក Putin ត្រូវបានសង្ឃឹម ថា នឹងជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

លោកស្រី Karoline Leavitt បានអះអាងថា លោក ប្រធានាធិបតីអាមេរិក Donald Trump ជួបជាមួយ សមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រនេះ នាទីក្រុង Anchorage រដ្ឋ Alaska រៀបចំឡើង ដើម្បីឱ្យមាន «ការយល់ដឹង កាន់តែប្រសើរឡើង អំពីរបៀប បញ្ចប់ជម្លោះ»។

កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាជំនួបលើកដំបូង រវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២១ ហើយគ្រោងនឹងកើតមានឡើង ចំពេលដែល លោក Trump ស្វែងរកការធ្វើជា ឈ្មួញកណ្តាល បញ្ចប់សង្រ្គាម ជិត ៣ឆ្នាំ កន្លះ របស់រុស្ស៊ី នៅអ៊ុយក្រែន។

យ៉ាងណា លោក Zelensky ដែលមិនបានគ្រោងនឹងចូលរួម កិច្ចប្រជុំកំពូលនេះ បានសម្តែងការព្រួយបារម្ភថា រុស្ស៊ីនឹងដាក់ចេញនូវការទាមទារ តាមរបៀបតឹងរឹង ហើយ ថា លោក Trump អាចដាក់ចេញ នូវកិច្ចព្រមព្រៀងមួយ ដែលនឹងទាមទារ ឱ្យអ៊ុយក្រែន ប្រគល់ទឹកដីខ្លះ ឲ្យរុស្ស៊ី។

លោក Zelensky បានប្រាប់ អ្នកយកព័ត៌មាន ថា «យើងនឹងមិនដកខ្លួនចេញពី តំបន់ Donbas ទេ… ប្រសិនបើយើងដកខ្លួន ចេញពី Donbas នៅថ្ងៃនេះ – បន្ទាយរបស់យើង ដីរបស់យើង កម្ពស់ដែលយើងគ្រប់គ្រង – យើងនឹងបើកក្បាលស្ពាន យ៉ាងច្បាស់ សម្រាប់រុស្ស៊ី ដើម្បីរៀបចំការវាយលុក»។

គួរបញ្ជាក់ថា Donbas គ្របដណ្តប់តំបន់ Lugansk និង Donetsk ភាគខាងកើត អ៊ុយក្រែន ដែលតំបន់ទាំងពីរនេះ រុស្ស៊ីបានអះអាងថា ជាកម្មសិទ្ធិ របស់ខ្លួន និង បានស្វែងរកការគ្រប់គ្រង ចាប់តាំងពីការឈ្លានពាន នៅឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner