មេធំអ៊ីស្រាអែលជំរុញអ៊ីរ៉ង់ធ្វើបាតុកម្ម ដាក់សំពាធរដ្ឋាភិបាល
ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ ចេញដើរតាមផ្លូវធ្វើបាតុកម្ម ដាក់សំពាធទាមទារឱ្យមានការទទួលខុសត្រូវ ពី រដ្ឋាភិបាលរបស់ពួកគេ ខណៈដែលប្រទេសនេះ ជួបប្រទះបញ្ហាកង្វះខាតថាមពល និង ទឹកប្រើប្រាស់។
ការកត់សម្គាល់របស់លោក Netanyahu បានកើតឡើង ក្រោយពេល ពីរខែ ប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់សង្គ្រាម ១២ថ្ងៃ រវាងប្រទេសទាំងពីរ កាលពីខែមិថុនា។ ការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល របស់អ៊ីស្រាអែល បានសម្លាប់ មេបញ្ជាការយោធាជាន់ខ្ពស់, អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និង មនុស្ស រាប់រយនាក់ផ្សេងទៀត នៅក្នុងប្រទេសអ៊ីរ៉ង់។ រីឯ គ្រាប់មីស៊ីលបាលីស្ទិក របស់អ៊ីរ៉ង់ បានវាយប្រហារលើ អ៊ីស្រាអែល សម្លាប់មនុស្សរាប់សិបនាក់ ជាការសងសឹក វិញ។
តាមរយៈវីដេអូ ដែលបានបង្ហោះ លើអ៊ីនធឺណិត លោក Netanyahu បាននិយាយ អំពីការខ្វះខាតទឹក ដែលកំពុងបន្តមាននៅអ៊ីរ៉ង់ ដែលបានមើលឃើញថា កម្រិតទឹក នៅក្នុងអាងស្តុកទឹក របស់ប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីសប្តាហ៍មុន អាជ្ញាធរអ៊ីរ៉ង់ ក៏បានបញ្ជាឲ្យការិយាល័យរដ្ឋាភិបាលជាច្រើន កាត់បន្ថយ ការប្រើប្រាស់ថាមពល ដោយសាររលកកម្ដៅ ទៀតផង។
នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បាននិយាយថា «នៅក្នុងរដូវក្តៅ ដ៏ឃោរឃៅនេះ អ្នកមិនមានទឹកស្អាត និង ទឹកត្រជាក់ សម្រាប់ឱ្យកូន របស់អ្នក»។ លោកបានបន្ថែមថា «ដូច្នេះនេះ គឺជាដំណឹងដ៏អស្ចារ្យ នៅពេលដែលប្រទេសរបស់អ្នកមានសេរីភាព អ្នកជំនាញផ្នែកទឹកកំពូលរបស់អ៊ីស្រាអែល នឹងនាំទឹកហូរចូលទៅក្នុងទីក្រុង ទាំងអស់ របស់អ៊ីរ៉ង់ ដែលនាំមកនូវបច្ចេកវិទ្យាទំនើប និង ចំណេះដឹង»។
លោក Netanyahu បានបន្តអំពាវនាវ ដល់ប្រជាជនអ៊ីរ៉ង់ ឱ្យ «ប្រថុយប្រថាន ដើម្បីសេរីភាព», «ដើរតាមផ្លូវ» និង «កសាងអនាគត ដ៏ល្អប្រសើរ សម្រាប់គ្រួសាររបស់អ្នក និង សម្រាប់ប្រជាជនអ៊ីរ៉ង់ ទាំងអស់»។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ក៏ធ្លាប់បានប្រើសារ ជាវីដេអូ កាលពីអតីតកាលដែរ ដើម្បីនិយាយ ទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលអ៊ីស្រាអែលមានជម្លោះជាមួយ ជាយូរមកហើយ ហើយ តែងអំពាវនាវឱ្យពលរដ្ឋអ៊ីរ៉ង់ យកបញ្ហានានា ដាក់ទៅក្នុងការគិត របស់ពួកគេ។
ប៉ុន្តែ សុន្ទរកថាចុងក្រោយនេះ បានធ្វើឡើង នៅពេលដែលលោក Netanyahu កំពុងប្រឈមមុខនឹងសម្ពាធ កាន់តែខ្លាំងឡើង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបញ្ចប់សង្រ្គាម រយៈពេល ២២ខែ របស់អ៊ីស្រាអែល នៅតំបន់ Gaza ចំពេលមានការព្រមានអំពីទុរ្ភិក្ស ដែលកំពុងកើតឡើង និងធានាបាននូវការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួន នៅទីនោះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

