អ្នកជំនាញ ធ្វើការទល់ទ្រសង្គ្រោះប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងហានិភ័យធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ក្រុមអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្រ្គោះបន្ទាន់នៅតាមរចនាសម្ពន្ធមួយចំនួនរបស់ប្រាសាទភ្នំក្រោម ដោយទល់ទ្រតាមផ្នែកខ្លះ ដើម្បីការពារពីហានិភ័យនានាដែលអាចកើតមាន ។ នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា ។

ទាក់ទិនក្នុងរឿងនេះ លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នក ជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។

អ្នកជំនាញការអាដហុកផ្តល់អនុសាសន៍ឱ្យរៀបចំធ្វើការទល់ទ្រ ដើម្បីសង្រ្គោះទើបក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានទល់ទ្រប្រាង្គទាំង ៣របស់ ប្រាសាទភ្នំក្រោម តាមទីតាំងរចនាសម្ពន្ធណាដែលមានគ្រោះថ្នាក់ខ្លាំងជាបន្ទាន់ ហើយរៀបចំធ្វើដំបូលប្រក់តួប្រាង្គទាំង៣នោះ ដើម្បីការពារកុំឱ្យទឹកភ្លៀងជ្រាបចូលស្រទាប់ថ្ម ដែលអាចនាំឱ្យថ្មសឹករិចរិលខ្លាំងផង។

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សា និងការពារប្រាសាទបុរាណ ដោយបានសម្រេចចិត្តធ្វើការទល់ទ្រសង្រ្គោះបន្ទាន់ ដើម្បីការពារជាយថាហេតុណាមួយ ឬអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលទៅទស្សនា។

គួរបញ្ជាក់ថា ប្រាសាទភ្នំក្រោម មានលក្ខណៈពិសេសជាងប្រាសាទផ្សេងៗ ដោយសារបុព្វបុរសខ្មែរ បានរៀបចំកសាងប្រាសាទនេះស្ទើរតែទាំងមូល គឺយកថ្មភក់រៀបធ្វើជាសាច់ថ្មបញ្ឈរ។ ដោយឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ ថ្មទាំងអស់បានរងសំណើមពីមាត់បឹងទន្លេសាប រងកម្តៅថ្ងៃខ្លាំងនៅលើទីខ្ពស់ ហើយសត្វប្រចៀវក៏ជុះនោមអាចម៍ដាក់ ធ្វើឱ្យសាច់ថ្មមានការខូចខាតប្រេះជាស្រទាប់ៗហែកចេញពីគ្នា។ មួយវិញទៀត ក៏មានការរំខានពីមជ្ឈដ្ឋានមនុស្សមួយចំនួនផង បានធ្វើឱ្យប្រាសាទភ្នំក្រោមមានការខូចខាតធ្ងន់ធ្ងរជាងប្រាសាទដទៃនៅតំបន់អង្គរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner