ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខកងវីរៈយុទ្ធជនរងរបួសដោយសារការឈ្លានពានរបស់ទាហានសៀម នៅមណ្ឌលសុខភាព១៦ មករា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនវីរៈយុទ្ធជនរងគ្រោះដោយសារការវាយប្រហាររបស់ពួកសៀមឈ្លាននៅតំបន់ព្រំដែនទិសប្រាសាទព្រះវិហារ និងប្រជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព១៦មករា ខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានជំរាបជូនអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងសូមបងប្អូនទាំងអស់ត្រូវមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរ នងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។

ដើម្បីផ្សារភ្ជាប់នូវទឹកចិត្តអាណិតស្រឡាញ់ដោយស្មោះ ឯកឧត្តម សុខ សូកេន បានចូលសាកសួរសុខទុក្ខតាមបន្ទប់នានាដែលកងវីរៈយុទ្ធជនសម្រាកព្យាបាល និងបានជូនពរដល់បងប្អូនឆាប់ជាសះស្បើយចៀសផុតពីជំងឺដង្កាត់ពិសេសឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការដឹងគុណ និងសូមអរគុណចំពោះការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងការចុះសួរសុខទុក្ខនៅមណ្ឌលសុខភាព១៦មករា ឯកឧត្តម សុខ សូកេន បាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចែកជូនបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺចំនួនសរុប ២៧០នាក់ ក្នុងនោះមានយុទ្ធជនដែលបានរងរបួសអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១០១នាក់ បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១៨នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលទូទៅចំនួន ១៥១នាក់ នៅមន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារផងដែរ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner