រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៥៤០ គ្រួសារ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងស្នើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចុះសាកសួរសុខទុក្ខតាមជំរុំស្នាក់នៅជនភៀសសឹក និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតពីជំងឺដង្កាត់នានា និងឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបន្តដំណើរចុះជួបសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចែកជូនបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺចំនួនសរុប ២៧០នាក់ ក្នុងនោះមានយុទ្ធជនដែលបានរងរបួសអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១០១នាក់ បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១៨នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលទូទៅចំនួន ១៥១នាក់ នៅមន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner